(ប្រេស៉ីឡា)៖ រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក ម៉ាសេឡូ កឺរ៉ូហ្គា (Marcelo Queiroga) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា រដ្ឋាភិបាលកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចទៅរួច ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌានៅរដ្ឋ ម៉ារ៉ាញ៉ាវ (Maranhao) ភាគខាងជើង ដែលបានរកឃើញករណីឆ្លងដំបូងនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។

បើតាមមន្ត្រីសុខាភិបាលនៃរដ្ឋ Maranhao សមាជិកនាវិកម្នាក់នៃកប៉ាល់ដឹកទំនិញ ដែលបានចតនៅឯកំពង់ផែនៃទីក្រុង សៅ ល្វីស (Sao Luis) បន្ទាប់ពីការធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានបញ្ជូនតាមជើងយន្តហោះទៅកាន់មន្ទីរពេទ្យមួយ ដោយសារតែរូបគេបានឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា។

រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក Marcelo Queiroga បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌានេះ ត្រូវបានរកឃើញភ្លាមៗ ដូច្នេះវិធានការអនាម័យទាំងអស់ត្រូវបានធ្វើឡើង ហើយយើងសង្ឃឹមថា មិនមានការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះនៅក្នុងប្រទេសរបស់យើងឡើយ។ អ្នកជំងឺ និងអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករួចរាល់ហើយដែរ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសប្រេស៉ីល បានកត់ត្រានូវករណីឆ្លងវីរុស COVID-19 សរុបទូទាំងប្រទេសជាង ១៥.៩លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤៤៦,០០០នាក់ និងអ្នកជាសះស្បើយជាង ១៤.៤លាននាក់៕