(វ៉ាស៉ីនតោន)៖ ស្របពេលដែលអត្រានៃអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហាក់មានការថយចុះនោះ បណ្តារដ្ឋនៅសហរដ្ឋអាមេរិក បាននាំគ្នាបង្កើតកម្មវិធីឆ្នោតផ្សងសំណាងប្រាក់រង្វាន់ ដើម្បីជំរុញសន្ទុះនៃការចាក់វ៉ាក់សាំងឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។

សម្រាប់រដ្ឋអាមេរិក ដែលបានចាប់ផ្តើមកម្មវិធីខាងលើដំបូងគេគឺរដ្ឋ អូហៃយ៉ូ (Ohio)។ អត្រានៃការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនអាមេរិកអាយុចាប់ពី ១៦ឆ្នាំឡើងទៅ នៅរដ្ឋ Ohio បានថយចុះ ២៥ភាគរយ ក្នុងចន្លោះថ្ងៃទី០៧-១០ ខែឧសភា បើធៀបទៅនឹងកំលុងចុងសប្តាហ៍មុននោះ។ ក៏ប៉ុន្តែក្រោយពេលអភិបាលរដ្ឋនេះប្រកាសពី កម្មវិធីឆ្នោតផ្សងសំណាងប្រាក់រង្វាន់នៅថ្ងៃទី១២ ខែឧសភា អត្រានៃការចាក់វ៉ាក់សាំងបានស្ទុះឡើង ២៨ភាគរយ នៅចន្លោះថ្ងៃទី១៤-១៧។ អ្នករស់នៅក្នុងរដ្ឋ Ohio ដែលបានចាក់វ៉ាក់សាំង នឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១លានដុល្លារចំនួន ០៥រង្វាន់។

រដ្ឋអាមេរិកមួយចំនួនទៀត ដែលបានយកលំនាំតាមរដ្ឋ Ohio ដែរនោះគឺរដ្ឋ ញូយ៉ក (New York) និងរដ្ឋ ម៉ារីលែនដ៍ (Maryland) ដែលសុទ្ធតែបានកត់សម្គាល់ឃើញការថយចុះ នៃអត្រាអ្នកទៅចាក់វ៉ាក់សាំង។ នៅរដ្ឋ New York អ្នកទៅចាក់វ៉ាក់សាំងនៅសប្តាហ៍ក្រោយនេះ នឹងទទួលបានឆ្នោតកោស ដែលមានឱកាសឈ្នះរង្វាន់ធំជាទឹកប្រាក់ រហូតដល់ទៅ ៥លានដុល្លារឯណោះ។ ចំណែកនៅរដ្ឋ Maryland បានបង្កើតកម្មវិធីឆ្នោត ដែលមានទំហំទឹកប្រាក់សរុប ២លានដុល្លារ។ អ្នករស់នៅទីនោះ ដែលទទួលការចាក់វ៉ាក់សាំង នឹងមានឱកាសឈ្នះប្រាក់ ៤០,០០០ដុល្លារ ដែលនឹងត្រូវចាប់ផ្សងសំណាងជារៀងរាល់ថ្ងៃ ពីសប្តាហ៍ក្រោយដល់ថ្ងៃទី០៣ ខែកក្កដា ហើយនៅថ្ងៃទី០៤ ខែកក្កដា នឹងមានការចាប់រង្វាន់ធំគឺទឹកប្រាក់ ៤០០,០០០ដុល្លារ។

គួរបញ្ជាក់ថា ក្រៅពីរង្វាន់ទឹកប្រាក់ធំៗទាំងនេះ នៅតាមបណ្តារដ្ឋ និងទីក្រុងអាមេរិកដទៃទៀត ក៏បាននិងកំពុងផ្តល់ការលើកទឹកចិត្ត ក្នុងទម្រង់ផ្សេងៗផងដែរ ដើម្បីជំរុញសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក ដែលចេញផ្សាយក្នុងសប្តាហ៍នេះ អត្រាជាមធ្យមនៃការចាកវ៉ាក់សាំង COVID-19 នៅសហរដ្ឋអាមេរិក បានថយចុះស្ទើរតែ ៥០ភាគរយ ធៀបនឹងពេលដែលអត្រានេះ ឡើងដល់ខ្ពស់បំផុតកាលពីខែមេសាកន្លងទៅ។

បើតាមតារាងស្ថិតសកល គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៦០.២លាននាក់ (៤៨.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១២៦.៦លាននាក់ (៣៨.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕