(ហ្គាហ្សា)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ហើយ បន្ទាប់ពីការវាយប្រយុទ្ធដាក់គ្នាយ៉ាងបង្ហូរឈាមដែលបានផ្ដាច់ជីវិត ជនជាតិប៉ាឡេស្ទីន ២៣២នាក់ ក្នុងតំបន់ហ្គាហ្សា និង១២នាក់នៅអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

បទឈប់បាញ់ខាងលើសម្រេចបានក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី ពាក់ព័ន្ធទាំងអស់បញ្ចប់ជម្លោះជាបន្ទាន់។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាគណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តជាឯកច្ឆន្ទលើអនុសាសន៍ពីក្រុមមន្ត្រីសន្តិសុខដោយទទួលយកគំនិតផ្ដួចផ្ដើមរបស់អេហ្ស៊ីបសម្រាប់បទឈប់បាញ់ គ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។

ក្រុមហាម៉ាស់ និងក្រុម Islamic Jihad ក៏បានទទួលយកបទឈប់បាញ់ខាងលើផងដែរជាមួយការបញ្ជាក់ថាវានឹងចូលជាធរមាននៅម៉ោង ២ទៀបភ្លឺឈានចូល ថ្ងៃសុក្រនេះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានស្វាគមន៍ចំពោះបទឈប់បាញ់នេះ។

គួរបញ្ជាក់ថា ជម្លោះជាង១១ថ្ងៃមកនេះ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់បានបណ្ដាលជនជាតិប៉ាឡេស្ទីន ២៣២បានស្លាប់ ក្នុងនោះមានកុមារ៦៥នាក់ និង ១,៩០០នាក់រងរបួស រីឯ ១២០,០០០នាក់ត្រូវភៀសខ្លួនពីផ្ទះរបស់ពួកគេ។ ចំណែកឯ អ៉ីស្រាអែលវិញបានអះអាងថាមានមនុស្ស១២នាក់បានស្លាប់ដោយសារគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ដែលបានបាញ់គ្រប់រ៉ុក្កែតច្រើនជា ៤,៣០០ដើម ចូលក្នុងទឹកដីអ៉ីស្រាអែល តែក្នុងនោះ៩០ភាគរយត្រូវបានបំផ្លាញដោយ ប្រព័ន្ធមីស៊ីល Iron Dome៕