(អាមេដាបាដ)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ព្យុះកំណាចថ្មីមួយកំពុងបោកបក់មក លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះស៉ីក្លូនកំណាចមួយ បានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រ ភាគខាងលិចប្រទេសឥណ្ឌា ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ១១០នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

ព្យុះស៊ីក្លូនកំណាចមានឈ្មោះថា តកតែ (Tauktae) បានបោកបក់មកលើរដ្ឋ ហ្គូចារ៉ាត (Gujarat) ភាគខាងលិចប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយល្បឿន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ វាបានថយចុះឥទ្ធិពលបន្តិចវិញ។ ទោះបែបនេះក៏ដោយ វាបានបង្កឲ្យផ្លូវថ្នល់ជន់លិច, រលំដើមឈើ-បង្គោលអគ្គិសនី, ប្រជាជនឥណ្ឌារាប់សែននាក់ត្រូវភៀសខ្លួន ហើយមនុស្សយ៉ាងតិច ១១០នាក់ ក៏បានបាត់បង់ជីវិតផងដែរនៅរដ្ឋ កឺរ៉ាឡា (Kerala), ហ្គ័រ (Goa), មហារ៉ាស្ត្រា (Maharashtra) និង ហ្គូចារ៉ាត (Gujarat)។ វាបានបន្សល់ទុកនូវការបំផ្លិញបំផ្លាញ ដ៏ស្មុគស្មាញជាច្រើនសម្រាប់ប្រទេសមួយ ដែលកំពុងប្រឈមមុខជាមួយនឹងការកើនឡើង នូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា នៅក្នុងការព្រមានចុងក្រោយ នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា ព្យុះកំណាចថ្មីមួយ ទំនងជានឹងបោកបក់មកលើ ឈូងសមុទ្របេងហ្គាល់ (Bay of Bengal) នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ វានឹងបង្កើនឥទ្ធិពលបន្តិចម្ដងៗ ទៅជាព្យុះស៉ីក្លូនកំណាចមួយ ដែលនឹងមកដល់ឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋ វែសត៍ បេងហ្គាល់ (West Bengal) និងរដ្ឋអូឌីសា (Odisha) ប្រទេសឥណ្ឌានៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ៕