(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយ ចេញផ្សាយដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថា ការគ្រប់គ្រងជំងឺរាតត្បាតសកល COVID-19 ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ពិតជាបានជំរុញឲ្យពលរដ្ឋចិនពេញចិត្ត និងទុកចិត្តចំពោះរដ្ឋាភិបាលចិន កាន់តែខ្លាំង។ នេះបើតាមការដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

លទ្ធផលស្ទង់មតិខាងលើនេះ ទើបតែត្រូវបានបញ្ចេញនៅខែឧសភានេះប៉ុណ្ណោះ បន្ទាប់ពីការចំណាយពេល ក្នុងការប្រមូលយកទិន្នន័យ ពីប្រជាជនចិនសរុប ១៩,៨១៦នាក់មកពីខេត្តចំនួន ៣១ តាមរយៈកិច្ចសម្ភាសន៍អនឡាញ។ ការស្ទង់មតិនេះត្រូវបានរៀបចំឡើង ដោយសាស្ត្រាចារ្យ និងនិស្សិតចិន ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា នៅអាមេរិកខាងជើង។

គួរបញ្ជាក់ថា កិច្ចសម្ភាសន៍ចំពោះពលរដ្ឋចិនរាប់ម៉ឺននាក់ខាងលើនេះ ត្រូវបានធ្វើឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២០ ដោយការចោទសួរអំពីទស្សនរបស់ពួកគេ ទៅលើការគ្រប់គ្រងជំងឺរាតត្បាត COVID-19 ចាប់ពីកម្រិតថ្នាក់ក្រុង, សង្កាត់, ទីក្រុង, ខេត្ត និងរហូតដល់កម្រិតថ្នាក់ជាតិ។ ជាលទ្ធផលបានបង្ហាញថា ពលរដ្ឋចិនរហូតដល់ទៅ ៩៨% ទុកចិត្តការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ហើយសម្រាប់ការទុកចិត្តរដ្ឋបាលថ្នាក់តំបន់វិញ ក៏មានរហូតដល់ ៩១% ផងដែរ ខណៈថ្នាក់ក្រុង សង្កាត់ ទីក្រុង និងខេត្ត គឺសុទ្ធតែមានកម្រិតខ្ពស់ចាប់ពី ៩៣% ដល់ ៩៥%៕