(ហ្គាហ្សា)៖ អ៉ីស្រាអែលបានចាប់ផ្ដើមដាក់ពង្រាយកងទ័ពជើងគោក, រថក្រោះ ព្រមទាំងបង្កើនការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹង ក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ុក្កែតនៅតែបន្តផ្លោងចូលកាន់តែជ្រៅក្នុងទឹកដីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

ជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនបានឈានចូលដល់ថ្ងៃទី៥ហើយ នៅថ្ងៃសុក្រនេះដោយគ្មានសញ្ញាធូរស្រាលឡើយ ទោះបីជាមានការអំពាវនាវពីអន្តរជាតិឱ្យ បញ្ចប់អំពើហិង្សាជាបន្ទាន់ក៏ដោយ។ កងទ័ពអ៉ីស្រាអែលបានឱ្យដឹងថាខ្លួនបានដាក់ពង្រាយកងទ័ពជើងគោក, រថក្រោះជាច្រើនគ្រឿងនៅតាមតំបន់ព្រំដែនដោយបង្ក ឱ្យមានការព្រួយបារម្ភថាកងទ័ពអ៉ីស្រាអែលអាចនឹងបើកប្រតិបតិ្តការទ្រង់ទ្រាយធំវាយលុកចូលក្នុងតំបន់ហ្គាហ្សា។

យោធាអ៉ីស្រាអែលមិនបានទាន់បានបញ្ជាក់អ្វីលម្អិតឡើយពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពជើងគោក។ តែមន្ត្រីយោធាអ៉ីស្រាអែលម្នាក់បានអះអាងថា ការដាក់ពង្រាយនេះមិនមែនជាការវាយលុកចូលតំបន់ហ្គាហ្សានោះទេ ហើយអ្នករស់នៅក្នុងតំបន់ក្បែរព្រំដែនអ៉ីស្រាអែលក៏បានអះអាងដែរថាពួកគេមិនបានឃើញ សញ្ញាណាមួយថាកងទ័ពអ៉ីស្រាអែលចូលមកក្នុងទឹកដីហ្គាហ្សានោះដែរ។ ប៉ុន្តែ អ៉ីស្រាអែលកំពុងបង្កើនការបាញ់កាំភ្លើង និងការវាយប្រហារយ៉ាងសន្ធាប់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស១០៩នាក់ ក្នុងនោះមានកុមារ ២៩នាក់ក្នុងតំបន់ហ្គាហ្សាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ យោធាអ៉ីស្រាអែល ស្របពេលខណៈភាគីអ៉ីស្រាអែលមានមនុស្ស ៧នាក់បានស្លាប់នៅក្នុងប្រទេសអ៉ីសា្រអែលដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែត របស់ក្រុមហាម៉ាស់៕