(ម៉ាល់)៖ ទីភ្នាក់ងារការពារសុខភាព (HPA) នៃប្រទេសដីកោះម៉ាល់ឌីវ នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,២០៤ករណីបន្ថែមទៀត នៅក្នុងពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

បើតាម HPA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៩៦១ករណីត្រូវបានគេរកឃើញនៅតំបន់ជុំវិញរដ្ឋធានីម៉ាល់ (Greater Male) និង ២៣៥ករណីទៀត នៅតាមតំបន់កោះតូចៗផ្សេងទៀត ដែលមានប្រជាជនរស់នៅ។ បន្ទាប់ពីបូកបញ្ជូលតួលេខខាងលើ ប្រទេសម៉ាល់ឌីវ មានករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៧,០១៩ករណី ក្នុងនោះមានអ្នកស្លាប់ ៨៧នាក់ និងអ្នកជាសះស្បើយ ២៦,៥៤៧នាក់។

គួរបញ្ជាក់ថា ដែនកោះម៉ាល់ឌីវដែលមានប្រជាជនសរុបតែជាង ៥៤០,០០០នាក់ កំពុងតែប្រឈមនឹងរលកទី ៤ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវ និងបានបំប្លែងខ្លួនជាវីរុសកាន់តែសាហាវជាបន្តបន្ទាប់។ ករណីឆ្លងប្រចាំថ្ងៃជាមធ្យមមានតែជាង ៧០០ករណីប៉ុណ្ណោះកាលពីសប្តាហ៍មុន ប៉ុន្តែវាបានកើនឡើងដល់ជាង ១,០០០ករណីនៅដើមសប្ដាហ៍នេះ៕