(សៀងហៃ)៖ ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនថែទាំសុខភាពចិនបានហក់ឡើងខ្ពស់ឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីផែនការលើកលែងប៉ាតង់វ៉ាក់សាំង COVID-19 របស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រងការជំទាស់ពីក្រុមហ៊ុនផលិតវ៉ាក់សាំង និងរដ្ឋាភិបាលអឺរ៉ុបមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនថែទាំសុខភាពចិន បានកើនឡើង ១.៨៣ភាគរយ បន្ទាប់ពីបានធ្លាក់ចុះអស់ ៦.៨ភាគរយកាលពីសប្ដាហ៍មុន។ វិស័យថែទាំសុខភាព ទទួលបានកំណើន ក្រោយក្រុមហ៊ុន Shanghai Fosun Pharmaceutical បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថាក្រុមហ៊ុនជាបុត្រសម័ន្ធមួយរបស់ខ្លួន បានយល់ព្រមផ្គត់ផ្គង់រោងចក្រមួយដើម្បីផលិតវ៉ាក់សាំង COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុន BioNTech ចំនួន ១ពាន់លានដូសក្នុងមួយឆ្នាំនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ភាគហ៊ុនក្រុមហ៊ុន Fosun Pharmacetical នៅផ្សារហ៊ុនសៀងហៃ បានកើនឡើង១០ភាគរយ និង២២.៥៨ភាគរយនៅផ្សារហ៊ុន
ក្រុងហុងកុង ខណៈភាគហ៊ុនក្រុមហ៊ុន CanSino Biologics នៅផ្សារហ៊ុនសៀងហៃ កើនឡើង ៩.៣៤៤ភាគរយ និងនៅផ្សារហ៊ុនហុងកុងកើនឡើង ៥.១៤ភាគរយ៕