(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបានបង្ហាញការស្វាគមន៍ចំពោះការអំពាវនាវរបស់ថ្នាក់ដឹកនាំអាស៊ានឱ្យបញ្ឈប់អំពើហិង្សា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីជាមួយអគ្គមេបញ្ជាការលោក មីន អោង ហ្លេង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ថ្នាក់ដឹកនាំនៃប្រទេសទាំង១០ជាសមាជិកអាស៊ានបានឯកភាពថាអំពើហិង្សាត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយអាស៊ាននឹងបញ្ជូនបេសកជនពិសេសមួយរូបដើម្បីដើរតួជាអ្នកសម្របសម្រួលរវាងភាគីទាំងអស់។ បន្ថែមពីលើនេះ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាលយោធាដោះលែង អ្នកទោសនយោបាយក្នុងនោះរួមមានទាំងលោកស្រី អោង សាន ស៊ូជីផងដែរ។

ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាល ស្រមោលមីយ៉ាន់ម៉ាដែលភាគច្រើនមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោង សាន ស៊ូជី បានង្ហាញការស្វាគមន៍ចំពោះការអំពាវនាវរបស់ ថ្នាក់ដឹកនាំអាស៊ានឱ្យបញ្ឈប់អំពើហិង្សា។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «នេះគឺដូចគ្នាទៅនឹង ការអំពាវនាវរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា...ហើយយើងចង់បានការធ្វើសកម្មភាពយ៉ាងរឹងមាំ របស់អាស៊ាន ដើម្បីអនុវត្តតាមការសម្រេចចិត្តរបស់ខ្លួន និងស្ដារប្រជាធិបតេយ្យ និងសេរីភាពសម្រាប់ប្រជាជនរបស់ពួកយើង និងតំបន់ទាំងមូល»

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកទល់ពេលនេះបាតុកម្មតវ៉ាប្រឆាំងនឹងរបបយោធានៅតែបន្តកើតមានដដែល ហើយបើតាមអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សច្រើនជាង ៧៤០នាក់ហើយបានស្លាប់៕