(រ៉ងហ្គូន)៖ ប្រេសិតពិសេសទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) បានថ្លែងក្នុងសប្តាហ៍នេះថា ការបង្ក្រាបដោយកងកម្លាំងយោធា នៃប្រទេសមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករទូទាំងប្រទេស បានបណ្តាលឲ្យមនុស្សជិត ២៥០,០០០នាក់ឯណោះត្រូវជម្លៀសខ្លួន ទៅរកទីកន្លែងសុវត្ថិភាព ក្នុងនោះមានទាំងប្រទេសជិតខាងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

របាយការណ៍ពី UN បានបញ្ជាក់ឲ្យដឹងថា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ាបានប្រើធម៌ក្តៅ បង្ក្រាបលើក្រុមបាតុករជាបន្តបន្ទាប់ ក្នុងនោះតំបន់ដែលក្តៅគគុកជាងគេ គឺទីក្រុងរ៉ង់ហ្គូន និងម៉ាន់ដាឡាយ ដែលជាតំបន់មានមនុស្សរស់នៅច្រើនបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មនុស្សសរុប ៧៣៨នាក់បានបាត់បង់ជីវិត និងជាង ៣,៣០០នាក់ទៀតត្រូវចាប់ឃុំខ្លួន ក្នុងស្ថានភាពជាអ្នកទោសនយោបាយ។

ប្រេសិតពិសេស UN ទទួលបន្ទុកតាមដានស្ថានការណ៍សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក ថម អេនឌ្រូស៍ (Tom Andrews) បានលើកឡើងថា «វាពិតជាគួរឲ្យភ័យរន្ធត់ណាស់ ក្រោយពេលដែលយើងបានដឹងថា ការបង្ក្រាបដោយកងកម្លាំងយោធា បានធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាជិត ២៥០,០០០នាក់ត្រូវជម្លៀសខ្លួន»។ លោក Tom Andrews ក៏បានអំពាវនាវឲ្យពិភពលោកទាំងមូល ចេញសកម្មភាពឲ្យបានឆាប់រហ័ស តាមដែលអាចទៅរួចផងដែរ ដើម្បីឆ្លើយតបនឹងមហន្តរាយ ផ្នែកមនុស្សធម៌នេះ៕