(ហ្សឺណែវ)៖ កាលពីថ្ងៃទី ២០ ខែមេសា សកម្មភាពទិវាភាសាចិន នៃអង្គការសហប្រជាជាតិឆ្នាំ ២០២១ ព្រមទាំងការប្រកួតវណ្ណកម្មរូបភាព នៅឯនាយសមុទ្រលើកដំបូង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ បានប្រារព្ធធ្វើដោយជោគជ័យនៅទីក្រុងហ្សឺណែវ។ លោកឯកអគ្គរដ្ឋទូត Chen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិន ប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណេវ និងអង្គការអន្តរជាតិដទៃទៀត ប្រចាំនៅប្រទេសស្វ៊ីស លោកស្រី Tatiana Valovaya អគ្គនាយកទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំនៅក្រុងហ្សឺណេវ និងលោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពតាមអនឡាញ ព្រមទាំងថែ្លងសុន្ទរកថា។

លោក Shen Haixiong បានថែ្លងថា អ្នកចូលរួមការប្រកួតបានប្រើភាសាតែមួយ ដើម្បីឱ្យពិភពលោកស្តាប់ឮសំឡេងខុសៗគ្នា ដោយឡែក "សំឡេងច្រើនប្រភេទ តែពិភពលោកមួយ" វាគឺជាគោលបំណងនៃវប្បធម៌ពិពិធកម្ម ដែលអង្គការសហប្រជាជាតិបាន និងកំពុងស្វែងរក។
ការប្រកួតវណ្ណកម្មរូបភាពនៅឯនាយសមុទ្រលើកដំបូង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាសកម្មភាពសំខាន់មួយ នៃទិវាភាសាចិននៃអង្គការសហប្រជាជាតិ។ ចាប់ពីថ្ងៃទី ១៨ ខែមីនាដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំនេះ សកម្មភាពនេះបានប្រមូលស្នាដៃរូបភាពជាភាសាចិន ពីជនបរទេសនៅឯនាយសមុទ្រ ហើយទទួលបានស្នាដៃជាវីដេអូឃ្លីប សរុបប្រមាណ ៣៤០ មកពី ២៧ ប្រទេស។ បញ្ជីឈ្មោះ និងស្នាដៃជយលាភីនៃការប្រកួតលើកនេះ ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃដដែលនោះ៕