(ប៉េកាំង)៖ មន្រ្តីសុខាភិបាលចិន បានប្រាប់សន្និសីទកាសែតមួយនៅថ្ងៃពុធនេះថា ប្រទេសចិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ២០០លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិចិន លោក មី ហ្វេង (Mi Feng) បានគូសបញ្ជាក់ប្រាប់ថា ជំងឺឆ្លងរាតត្បាត COVID-19 ដ៏កាចសាហាវនេះ នៅតែបន្តរីករាលដាលពាសពេញពិភពលោក ដោយចំនួនករណីឆ្លងថ្មីៗ បានកើនឡើងយ៉ាងគំហុករយៈពេល ០៨សប្តាហ៍ជាប់ៗគ្នាហើយ។ ករណីឆ្លង COVID-19 សរុប ៥.២៦លានករណីត្រូវបានរាយការណ៍ នៅទូទាំងពិភពលោកកាលពីសប្តាហ៍មុន ដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត គិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះ។

លោក Mi Feng បានគូសបញ្ជាក់បន្ថែមទៀតថា នៅពេលដែលវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មីនៅតែបន្តលេចចេញមក ប្រទេសចិននៅតែប្រឈមនឹងបញ្ហាក្នុងការការពារករណីនាំចូល និងករណីកើតឡើងជាថ្មីនៅក្នុងប្រទេស។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៩០,៥៤១ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៥,៦០០នាក់៕