(ប៉េកាំង)៖ តើកងកម្លាំងមួកខៀវជាអ្វី? កងកម្លាំងមួកខៀវគឺជាកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលមានភាពអព្យាក្រឹត។ ដោយសារតែត្រូវពាក់មួកខៀវ ហេតុនេះហើយបានជា ហៅថាកងកម្លាំងមួកខៀវ (ពណ៌ខៀវជានិមិត្តរូបនៃសន្តិភាព)។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩២ កងវិស្វកម្មយោធាដែលជាកងទ័ពកងកម្លាំងមួកខៀវ ចំនួន៤០០នាក់ដំបូងបង្អស់របស់ចិន បានមកដល់កំពង់ផែកំពង់សោមប្រទេសកម្ពុជា។ នេះជាលើកទី១ ដែលប្រទេសចិនបានចាត់បញ្ជូនកងទ័ពទៅចូលរួម ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលមានភារកិច្ចជួសជុលផ្លូវថ្នល់ និងព្រលានយន្តហោះ។

សីតុណ្ហភាពខ្ពស់នៅតំបន់ត្រូពិក ផ្លូវថ្នល់រដិបរដុប គ្រាប់មីន អសិរពិស... លក្ខខណ្ឌក្នុងប្រតិបត្តិការរក្សាសន្តិភាព ពិតជាពិបាកណាស់ តែទោះជាយ៉ាងណាក៏ដោយ ក៏ទឹកមុខរបស់ពលទាហាន នៃកងកម្លាំងរក្សាសន្តិភាព នៅតែបានបង្ហាញពីភាពមុតមាំ។ តាមពិតពួកគេ បានធ្វើការបណ្តុះបណ្តាលជាបន្ទាន់ នៅក្នុងប្រទេសចិនរួចរាល់ហើយ ដោយគ្របដណ្តប់លើចំណេះវិជ្ជាផ្សេងៗដូចជា អំពីការរុករកនិងការដោះមីនដោយត្រឹមត្រូវ សណ្ឋានដីភូមិសាស្ត្រវប្បធម៌មនុស្សជាតិ និងទំនៀមទម្លាប់របស់កម្ពុជា។

ភារកិច្ចលំបាកនិងបន្ទាន់បំផុតរបស់កងកម្លាំងនេះ គឺជួសជុលព្រលានយន្តហោះស្ទឹងត្រែង ក្នុងរយៈពេលពីរខែ។ នេះជាកិច្ចការដែលស្ទើរតែ មិនអាចសម្រេចបាន។ ផ្លូវដែលទៅព្រលានយន្តហោះស្ទឹងត្រែង ត្រូវបានគ្របដណ្ដប់ដោយគ្រាប់មីន កងវិស្វកម្មចិនមិនត្រឹមតែត្រូវការសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវដោះមីនផងដែរ ហេតុនេះហើយបានជាល្បឿននៃប្រតិបត្តិការ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ម៉្យាងទៀតគឺ កងវិស្វកម្មគ្មានគ្រឿងយន្តសម្រាប់ក្រាលផ្លូវកៅស៊ូទេ ដូច្នេះពួកគេបានប្រើឆ្នាំងខ្នាតធំ ដើម្បីស្ងោរជ័រកៅស៊ូ។ សីតុណ្ហភាពនៅការដ្ឋាន ឡើងដល់៧០ឬ៨០អង្សា។ បន្ទាប់ពីការជួសជុលបន្ទាន់ រយៈពេលជាង៤០ថ្ងៃ កិច្ចការដ៏លំបាកនេះ ត្រូវបានបញ្ចប់។

បន្ទាប់ពីការពិនិត្យនិងទទួលយក ក្រុមការងារពិនិត្យនិងទទួលនៃទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំពិធីជប់លៀង ជូនកងកម្លាំងមួកខៀវចិន។ ចាប់ពីពេលនោះមក នៅក្នុងទីបញ្ជាការអង្គការសហប្រជាជាតិ តែងតែឃើញសកម្មភាពមួយគឺ នៅពេលដែលឃើញទាហានចិន នឹងលើកមេដៃកោតសរសើរថា «ចិនអស្ចារ្យណាស់»

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៣ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងកងកម្លាំងរក្សាសន្តិភាពចិន បានដកចេញពីប្រទេសកម្ពុជា។ «កងកម្លាំងមួកខៀវចិន» បានសម្រេចបេសកកម្មរក្សាសន្តិភាពលើកដំបូងដោយជោគជ័យ។
ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង៤ម៉ឺននាក់ ជាប្រទេសដែលបានចាត់បញ្ជូនកងកម្លាំងថែរក្សាសន្តិសុខច្រើនជាងគេ ក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានសហគមន៍អន្តរជាតិកោតសរសើរថា ជា «កត្តាគន្លឹះនិងកម្លាំងសំខាន់ក្នុងប្រតិបត្តិការរក្សាសន្តិភាព»