(វៀងច័ន្ទ)៖ នាយករដ្ឋមន្ត្រីឡាវលោក ផានខាំ វីផាវ៉ាន់ (Phankham Viphavanh) បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ដែលកំពុងទទួលបន្ទុកចាក់វ៉ាក់សាំង ជូនក្រុមមនុស្សមានអាទិភាពនោះ ត្រូវផ្តល់ជូនការចាក់វ៉ាក់សាំង ទៅដល់ប្រជាជនគ្រប់អាយុជាទូទៅតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីខាងលើនេះ បានកើតមានឡើងចំពោះមុខ ក្តីព្រួយបារម្ភកាន់តែកើនឡើង អំពីការឆ្លងរាតត្បាត COVID-19 ក្រោយទីក្រុងវៀងច័ន្ទបានរកឃើញ ករណីវិជ្ជមាននាំចូលមកពីប្រទេសថៃ កើនឡើងជាបន្តបន្ទាប់។ លោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានប្តេជ្ញាថា រដ្ឋាភិបាលឡាវនឹងបង្កើនការចាក់វ៉ាក់សាំងជូនប្រជាជន ដើម្បីធ្វើឲ្យជំងឺ COVID-19 ស្ថិតនៅក្នុងការគ្រប់គ្រង។

គួរបញ្ជាក់ថា ប្រទេសឡាវកន្លងមកនេះ គ្រោងនឹងចាក់វ៉ាក់សាំងឲ្យបាន ២២% នៃប្រជាជនសរុបរបស់ខ្លួនប្រមាណ ៧.៣៦លាននាក់។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីឡាវបានប្រកាសជាថ្មីថា ការចាក់វ៉ាក់សាំងត្រូវបង្កើន ទៅដល់ប្រជាជនទូទាំងប្រទេសតែម្តង។ គិតត្រឹមសប្តាហ៍មុននេះ ប្រជាជនឡាវប្រមាណជាង ១៤០,០០០នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសដំបូង និង ២៨,០០០នាក់បានទទួលការចាក់គ្រប់ដូស៕