(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នៅថ្ងៃពុធនេះបាននិយាយថា ក្រុមការងារដែលទទួលខុសត្រូវ ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងបញ្ជាទិញវ៉ាក់សាំងចំនួន ៣៥លានដូសបន្ថែមទៀតពីក្រុមហ៊ុន ២-៣ផ្សេងៗគ្នា ដោយប្ដេជ្ញាថា វ៉ាក់សាំងដែលទទួលបានទាំងអស់ នឹងត្រូវចែកចាយ និងចាក់ជូនដល់ប្រជាជន ឲ្យបាននៅត្រឹមខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

លោក Prayut បានគូសបញ្ជាក់ថា ក្រុមការងារបានសម្រេចចិត្តស្វែងរកវ៉ាក់សាំងចំនួន ៣៥លានដូសទៀត បន្ថែមពីលើចំនួនវ៉ាក់សាំងសរុបប្រមាណ ៦៥លានដូស ដែលរដ្ឋាភិបាលថៃបានបញ្ជាទិញកន្លងមក។ លោកនាយករដ្ឋមន្រ្តីថៃ បានពន្យល់ថា ក្នុងចំណោមវ៉ាក់សាំងចំនួន ៣៥លានដូសដែលត្រូវបញ្ជាទិញនោះ វិស័យឯកជនដែលដឹកនាំ ដោយក្រុមប្រឹក្សាពាណិជ្ជកម្មថៃ នឹងបញ្ជាទិញប្រហែល ១០-១៥លានដូស ដើម្បីជួយរដ្ឋាភិបាលសន្សំថវិកា។ នៅក្នុងដំណាក់កាលបន្ទាប់ ទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ត្រូវតែចែកចាយ និងចាក់វ៉ាក់សាំងដែលទទួលបានទាំងអស់ ជូនដល់ប្រជាជនឲ្យបាន នៅត្រឹមខែធ្នូ ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង០៧សែនដូស ត្រូវបានចាក់នៅក្នុងប្រទេសថៃ៕