(ប៉េកាំង)៖ សង្គ្រាមលោកទាំងពីរលើកក្នុងសតវត្សរ៍ទី២០ និងសង្រ្គាមត្រជាក់ដែលបានអូសបន្លាយអស់រយៈពេលជាង៤០ឆ្នាំបាននាំមកនូវគ្រោះមហន្តរាយដែល មិនធ្លាប់មានដល់មនុស្សជាតិ ដូចនេះការចៀសវាងសង្គ្រាម, រក្សាសន្តិភាពនិងជំរុញការអភិវឌ្ឍបានក្លាយជាក្តីប្រាថ្នារួមរបស់ប្រជាជននៃបណ្តាប្រទេសនានា លើពិភពលោក។ នៅទសវត្សរ៍ឆ្នាំ៨០នៃសតវត្សទី២០ ស្ថានភាពពិភពលោកបានកើតមានបម្រែបម្រួលយ៉ាងខ្លាំងក្លា ហើយសន្តិភាពពិភពលោកនៅតែប្រឈមនឹង បញ្ហាប្រឈមដដែល។

បក្សកុម្មុយនិស្តចិនបានគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រមទាំងបានលើកឡើងនូវសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រថាសន្តិភាព និងការអភិវឌ្ឍន៍បានក្លាយជាប្រធានបទសំខាន់ទាំងពីររបស់ពិភពលោក។ សន្តិភាពជាសេចក្តីសង្ឃឹមជាប់រហូតរបស់ប្រជាជនចិន ហើយក៏ជាលក្ខណៈពិសេស យ៉ាងច្បាស់លាស់នៃការអភិវឌ្ឍន៍របស់ចិនផងដែរ។ ចាប់តាំងពីប្រទេសចិនថ្មីបានបង្កើតឡើង ជានិច្ចកាលប្រទេសចិនបានប្រកាន់ខ្ជាប់ដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាពដើម្បីធានាការអភិវឌ្ឍន៍របស់ប្រទេសជាតិតាមរយៈរក្សាសន្តិភាពលើផ្ទៃអន្តរជាតិ និងការគាំពារសន្តិភាពរបស់ពិភពលោកតាមរយៈការអភិវឌ្ឍន៍របស់ប្រទេសចិន។

ការប្រកាន់ខ្ជាប់ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពមិនមែនជាដំណោះស្រាយជាបណ្តោះអាសន្នរបស់ចិននោះទេ នេះគឺជាជម្រើសយុទ្ធសាស្ត្ររបស់ប្រទេសចិន និងពាក្យសន្យាយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះសហគមន៍អន្តរជាតិ។ ប៉ុន្តែ ដោយសារកាន់ទស្សនៈលំអៀងនិងស្អប់ខ្ពើមចំពោះប្រទេសចិន អ្នកនយោបាយអាមេរិកមួយចំនួនបានប្រឌិតពាក្យកុហកគ្រប់បែបយ៉ាងដើម្បីលាបពណ៌លើប្រទេសចិន និងបំផ្លិចបំផ្លាញដោយចេតនានូវសន្តិភាពពិភពលោកដែលបានមកដោយមិនងាយទេ ក៏ដូចជាប៉ុនប៉ងឱ្យប្រវតិ្តសាស្ត្រត្រឡប់ថយក្រោយ។ ទាក់ទិននឹងរឿងនេះ សមាជិកបក្សកុម្មុយនិស្តចិនឆ្លើយតបយ៉ាងដាច់ខាតថា «ទេ» ចំពោះទង្វើអាក្រក់ដែលប៉ុនប៉ងបំផ្លាញដល់ការអភិវឌ្ឍន៍ដោយសន្តិភាពរបស់មនុស្សជាតិ!

កាលពីឆ្នាំ២០១៨ កិច្ចប្រជុំលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានអនុម័តដោយសម្លេងគាំទ្រខ្ពស់នូវ «សេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន» សេចក្តីព្រាងច្បាប់នេះបានបំពេញបន្ថែមនូវខ្លឹមសារអំពី «ការប្រកាន់ខ្ជាប់ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព» និង «ការជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ» ជាដើម។
ការពិតជាក់ស្តែងបានបញ្ជាក់ថាការដាក់បញ្ជូលខ្លឹមសារស្តីពីការប្រកាន់ខ្ជាប់ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ក្នុងរដ្ឋធម្មនុញ្ញបានឆ្លុះបញ្ចាំងពីឆន្ទៈនិងប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ប្រទេសចិនដែលបានខិតខំប្រឹងប្រែងដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលខុសប្លែកពីប្រទេសធំៗ ហើយការដាក់បញ្ជូលខ្លឹមសារស្តីពីការជំរុញការបង្កើត សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិក្នុងរដ្ឋធម្មនុញ្ញបានឆ្លុះបញ្ចាំងពីបេសកកម្ម និងទំនួលខុសត្រូវរបស់ប្រទេសចិនដែលចង់ខិតខំប្រឹងប្រែងរួមចំណែកកាន់តែធំដល់សន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក។

បច្ចុប្បន្ន នៅលើពិភពលោក បណ្តាប្រទេសនានាពឹងផ្អែកលើគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខជាមួយគ្នា។ ដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយរបស់ មនុស្សជាតិ ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងពិគ្រោះពិភាក្សាគ្នាដោយស្មើភាព ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ តាមរយៈកិច្ចសន្ទនានិងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិគ្រោះពិភាក្សា ប្រកាន់ខ្ជាប់ការរួមសុខរួមទុក្ខជាមួយគ្នាព្រមនិងជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលផែ្នកពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាប្រកាន់ខ្ជាប់នូវការការពារបរិស្ថាននិងធ្វើកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវលើផ្ទៃអន្តរជាតិ ជានិច្ចកាលប្រទេសចិនបានប្រកាន់ខ្ជាប់នូវប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិ ជាស្នូល ហើយរួមសហការជាមួយបណ្តាប្រទេសនានាដើម្បីគាំពារពហុភាគីនិយម គាំពារយុតិ្តធម៌និងសច្ចធម៌។ ទន្ទឹមនឹងការងើបឡើងនៃសេដ្ឋកិច្ចចិន ប្រាក់វិភាគទានរបស់ចិនក្នុងអង្គការសហប្រជាជាតិមានកំណើនខ្ពស់បំផុត និងលឿនបំផុតក្នុងរដ្ឋជាសមាជិកនានា។ ទាំងមុន និងក្រោយកងកម្លាំងចិនបានចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ២៥លើក ប្រទេសចិនបានចាត់បញ្ជូននាយទាហាននិងពលទាហានរក្សាសន្តិភាពសរុបជាង៤ម៉ឺននាក់ ជាប្រទេសដែលបានចាត់បញ្ជូនកងទ័ពច្រើនបំផុតក្នុងចំណោមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ទាក់ទិននឹងបញ្ហាចំណុចក្តៅក្នុងតំបន់ ប្រទេសចិនប្រកាន់ខ្ជាប់ជំរុញការចរចាដោយសន្តិភាព ប្រឆាំងប្រើប្រាស់កម្លាំងអាវុធនិងធ្វើការគំរាមកំហែងដោយកម្លាំងអាវុធ ក្នុងន័យខំប្រឹងគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក។ បើនិយាយពីការអភិវឌ្ឍន៍ ចាប់តាំងពីបានអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយ ជានិច្ចកាល ប្រទេសចិនជា «ប្រភពកម្លាំងចលករ» និង «ម៉ាស៊ីនលំនឹង» នៃការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅទូទាំងពិភពលោក។

ខណៈពេលវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីឆ្នាំ១៩៩៧ ប្រទេសចិនបានប្រកាន់ខ្ជាប់មិនឱ្យតម្លៃប្រាក់យាន់ចិនធ្លាក់ចុះ ក្នុងន័យរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់។ បន្ទាប់ពី ផ្ទុះវិបត្តិហិរញ្ញវត្ថុអន្តរជាតិកាលពីឆ្នាំ២០០៨ សេដ្ឋកិច្ចនៃអាមេរិក និងប្រទេសអភិវឌ្ឍន៍នៅអឺរ៉ុបបានថមថយចុះ និងមានកំណើនអវិជ្ជមាន។ ចំណែកប្រទេសចិន វិញ ប្រទេសចិនបានរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនជាងនេះទៅទៀត អត្រារួមវិភាគទានរបស់ប្រទេសចិនក្នុងកំណើនសេដ្ឋកិច្ចសកលគឺប្រហែល៣០ភាគរយ ជាប់រហូត។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដ៏ធំបំផុតនៅលើពិភពលោក ជានិច្ចកាល ប្រទេសចិនជាអ្នកផ្តួចផ្តើមយ៉ាងសកម្ម និងអ្នកគាំទ្រយ៉ាងខ្លាំង ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក។ ក្នុងរយៈពេលជាង៤០ឆ្នាំនៃការធ្វើកំណែទម្រង់និងការបើកទូលាយ ប្រជាជនចិនចំនួនជាង៧៥០លាននាក់ បានបម្រះខ្លួនចេញផុតពីភាពក្រីក្រ អត្រារួមចំណែករបស់ចិនក្នុងការកាត់បន្ថយភាពក្រីក្រសកលលើសពី៧០ភាគរយ។

នៅឆ្នាំ២០២០ បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ស្របពេលដែលធ្វើការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុក ឱ្យបានល្អ ប្រទេសចិនក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពុហភាគីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោក។ ប្រទេសចិន បានផ្តល់ជំនួយជាសម្ភារៈបង្ការជំងឺកូវីដ១៩ ទៅកាន់ប្រទេសជាង១៥០ នៅលើពិភពលោកជាបន្តបន្ទាប់ប្រកាន់ខ្ជាប់ ចែករំលែកបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងព្រមទាំងបានផ្តល់ជំនួយជាទឹកប្រាក់សរុប៥០លានដុល្លារអាមេរិកដល់អង្គការសុខភាពពិភពលោក ក៏ដូចជាបានចូលរួម «ផែនការអនុវត្តស្តីពីវ៉ាក់សាំងជំងឺកូវីដ១៩» ដោយឡែកប្រទេសចិនបានប្រកាសថាបន្ទាប់ពីវ៉ាក់សាំងជំងឺកូវីដ១៩ របស់ចិនត្រូវបានសិក្សាស្រាវជ្រាវ និងផលិត ព្រមទាំងត្រូវដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងចិននឹងក្លាយជាផលិតផលសាធារណៈជាសកល ហើយបានផ្តល់ជូនប្រទេសកំពុងអភិវឌ្ឍន៍ជាអាទិភាពដើម្បីជួយតាំង មូលដ្ឋានគ្រឹះសម្រាប់ការពារសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជននៅលើពិភពលោក។

ស្របពេលដែលធ្វើការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុកឱ្យបានល្អ ប្រទេសចិនក៏បានជំរុញដោយមានរបៀបរៀបរយនូវការស្តារផលិតកម្ម ឡើងវិញ រក្សាស្ថិរភាពជាមូលដ្ឋាននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ក៏ដូចជាបង្កើនជំនឿចិត្តចំពោះកំណើនសេដ្ឋកិច្ចសកល។

អ្នកផងទាំងពួងអាចជឿជាក់ថា ប្រទេសចិនដែលបាននិងកំពុងប្រកាន់ខ្ជាប់ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព អនុវត្តទស្សនៈកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ក៏ដូចជាបាននិងកំពុងរ៉ាប់រងទំនួលខុសត្រូវនិងកាតព្វកិច្ចអន្តរជាតិកាន់តែច្រើន នឹងរួមចំណែកកាន់តែច្រើនដើម្បីសន្តិភាពពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិ៕