(អាមេរិក)៖ ការបំភាយកំដៅផែនដីត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២១នេះ ខណៈពិភពលោកកំពុងចាប់ផ្ដើម ងើបចេញពីវិបត្តិ COVID-19 ហើយសេដ្ឋកិច្ចក៏កំពុងមានសន្ទុះ កើនឡើងវិញផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

បើតាមរបាយការណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលជាក្រុមអន្តររដ្ឋាភិបាល មានមូលដ្ឋាននៅទីក្រុងប៉ារីស ការបំភាយកាបូនឌីអុកស៉ីតនៅទូទាំងពិភពលោក អាចនឹងកើនឡើងដល់ ១៥ពាន់លានតោននៅឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ COVID-19។ IEA បានរាយការណ៍ថា វានឹងក្លាយជាការកើនឡើងវិញប្រចាំឆ្នាំដ៏ខ្ពស់បំផុតទី ២ ចាប់តាំងពីឆ្នាំ២០១០ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក កាលពីឆ្នាំ២០០៨-២០០៩។

IEA បានព្យាករណ៍ថា ការបំភាយកាបូនឌីអុកស៉ីតនឹងកើនឡើង ៥ភាគរយ ឬស្មើនឹង ៣៣ពាន់លានតោននៅឆ្នាំនេះ។ កត្តាសំខាន់ដែលជម្រុញឱ្យមានការកើនឡើងនោះ គឺតម្រូវការធ្យូងថ្មដែលនឹងកើនឡើង ៤.៥ភាគរយ។ នោះនឹងកើនឡើងលើសកម្រិតកាលពីឆ្នាំ២០១៩ទៅទៀត។

គួរបញ្ជាក់ថា នាយកប្រតិបត្តិរបស់ IEA លោក ហ្វាទីហ៍ ប៊ីរ៉ូល (Fatih Birol) បានលើកឡើងថា «នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តជំងឺ COVID-19 គឺមិនមែនជាអ្វីៗទាំងអស់នោះទេ ប៉ុន្តែយើងត្រូវរក្សានិរន្តរភាព សម្រាប់អាកាសធាតុរបស់យើង។ លុះត្រាតែរដ្ឋាភិបាលនៅជុំវិញពិភពលោក ផ្លាស់ប្តូរឥរិយាបថយ៉ាងឆាប់រហ័ស ដើម្បីចាប់ផ្តើមកាត់បន្ថយការបំភាយឧស្ម័នពុល បើមិនដូច្នេះទេយើងទំនងជាប្រឈមមុខ នឹងស្ថានភាពកាន់តែអាក្រក់ នៅឆ្នាំ២០២២ខាងមុខនេះ៕