(សេអ៊ូល)៖ និស្សិតមហាវិទ្យាល័យកូរ៉េខាងត្បូងជាង ៣០នាក់បានកោរសក់នៅមុខស្ថានទូតជប៉ុននៅទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងតវ៉ានឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ប៉ូលីសបានព្យាយាមបំបែកហ្វូងមនុស្សដែលបានស្រែក និងលើកបដានៅមុខស្ថានទូតជប៉ុន ប៉ុន្តែមិនអាចរារាំងសកម្មភាពទាំងបានទេ បើទោះបីមានការហាមឃាត់ប្រឆាំងនឹងការឆ្លងរីករាលដាល នៃជំងឺ COVID-19 កុំឲ្យមានការប្រមូលផ្តុំមនុស្សជាង ១០នាក់ក៏ដោយ។

ក្រុមបាតុករដែលកោសក់ត្រូវបានគេរុំជាមួយក្រណាត់ពណ៌ស ដែលមានសរសេរសារថ្កោលទោសផែនការជប៉ុន ដែលគ្រោងនឹងបញ្ចេញទឹកចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ និងអំពាវនាវឲ្យលុបចោលវិញ។

នៅលើក្រណាត់រុំលើខ្លួនពួកគេ បានសរសេរយ៉ាងដូច្នេះថា «រដ្ឋាភិបាលជប៉ុនគួរតែលុបចោលផែនបញ្ចេញទឹកកខ្វក់ ជាបន្ទាន់»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលជប៉ុនគ្រោងនឹងបញ្ចេញទឹកជាង ១លានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយរញ្ជួយដី និងស៊ូណាមិ កាលពី១០ឆ្នាំមុន ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក ក្នុងរយៈពេល ២ឆ្នាំខាងមុខ។

ការសម្រេចចិត្តខាងលើ បានជួបនឹងការបង្ហាញក្តីបារម្ភពីសំណាក់ សហគមន៍អ្នកនេសាទនៅក្នុងប្រទេសជប៉ុនផ្ទាល់ ក៏ដូចជាពីសំណាក់ប្រទេសជិតខាងនៅក្នុងតំបន់ ដូចជាកូរ៉េខាងត្បូង និងចិនជាដើម៕