(វៀងច័ន្ទ)៖ កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅប្រទេសឡាវ កំពុងដំណើរការហើយ ដោយប្រជាជនភាគច្រើននៅតាមតំបន់គោលដៅ បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋាភិបាលឡាវគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន យ៉ាងហោចណាស់ ១៥ម៉ឺននាក់ នៅក្នុងដំណាក់កាលដំបូងនៃកម្មវិធីចាក់វ៉ាក់សាំង។ គិតត្រឹមដើមខែមេសា ឆ្នាំ២០២១ ឡាវបានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ១០៣,០០០ដូស សម្រាប់ដូសដំបូង ខណៈប្រជាជនជិត ៦,២០០នាក់បានចាក់ដូសទីពីរ។

សារព័ត៌មានឡាវ Vietiane Times នៅថ្ងៃចន្ទនេះ បានដកស្រង់សម្តីអគ្គនាយក នៃនាយកដ្ឋានលើកកម្ពស់អនាម័យ និងសុខភាពក្រោមក្រសួងសុខាភិបាលឡាវ លោក ផុនផាសឺត ឧណាផុម (Phonepaseuth Ounaphom) លើកឡើងថា តំបន់គោលដៅបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនប្រហែល ៨៥ភាគរយហើយ។

ការចាក់វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃផែនការត្រួតពិនិត្យ និងបង្ការជំងឺ COVID-19 ដែលអាជ្ញាធរសុខាភិបាលកំពុងអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។ បើតាមរបាយការណ៍ បានឱ្យដឹងថា ប្រជាជនប្រហែល ២២ភាគរយនៃប្រជាជនសរុប ៧.៣លាននាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឆ្នាំ២០២១នេះ។ ការចាក់វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៧០ភាគរយ នៃចំនួនប្រជាជនសរុបនៅឆ្នាំ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឡាវបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៥៨ករណី ក្នុងនោះអ្នកជំងឺ ៤៩នាក់បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ០៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ៕