(ប៊ែកឡាំង)៖ ប្រទេសអាល្លឺម៉ង់នៅថ្ងៃអាទិត្យបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសជូនមនុស្សជាង ៨០,០០០នាក់ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ COVID-19 ខណៈដែលប្រទេសនេះកំពុងព្យាយាមគ្រប់គ្រងការកើនឡើងជាថ្មី នៃករណីឆ្លងថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier នឹងធ្វើជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាមួយមន្រ្តីជាន់ខ្ពស់ផ្សេងទៀត នៅឯសាលប្រគំតន្ត្រី Kunzerhaus ក្នុងទីក្រុងប៊ែរឡាំង។ ការិយាល័យរបស់លោកបាននិយាយថា ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺ COVID-19 ដែលមិនមានសាច់ញាតិជូនដំណើរ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះមួយចំនួន ដែលមិនបានប្រារព្ធពិធីបុណ្យសពឲ្យបានត្រឹមត្រូវតាមប្រពៃណីជំនឿរបស់ពួកគេ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេសអាល្លឺម៉ង់សរុប ៨០,៥២៦នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ។ អាល្លឺម៉ងគឺជាប្រទេសឈលំដាប់ថ្នាក់ទី៥ ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតនៅអ៊ឺរ៉ុប ដោយនៅពីក្រោយអង់គ្លេស អ៊ឺតាលី រុស្ស៊ីនិងបារាំង៕