(ប៉ារីស)៖ បារាំងនឹងធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីប្រទេសអាហ្សង់ទីន ប្រេស៊ីល ស៊ីលី និងអាហ្វ្រិកខាងត្បូង ដោយសារតែបារម្ភពីវីរុស COVID-19 បំប្លែងខ្លួនថ្មី ខណៈកំពុងប្រយុទ្ធតស៊ូជាមួយនឹងរលកថ្មីនៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការិយាល័យនាយករដ្ឋមន្ត្រីបារាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

ការិយាល័យនាយករដ្ឋមន្ត្រីបារាំងបានឱ្យដឹងទៀថា ទោះបីជាជើងហោះហើរមកពីអាហ្សង់ទីន,ស៊ីលី និងអាហ្វ្រិកខាងត្បូងនឹងមិនត្រូវបានផ្អាកក៏ដោយ តែរាល់អ្នកដំណើរ ទាំងអស់មកពីប្រទេសទាំងនេះនឹងត្រូវអនុវត្តការធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។ ចំណែកឯ ជើងហោះហើរមកពីប្រទេសប្រេស៊ីលត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រសប្ដាហ៍ ក្រោយ ដោយសារតែបារម្ភពីវីរុសបំប្លែងខ្លួនថ្មី P1 ដែលចម្លងយ៉ាងលឿនរហ័ស និងអាចចម្លងសារជាថ្មីដល់អ្នកដែលធ្លាប់ឆ្លង COVID-19 ដើមរបស់វាទៀតផង។

គួរបញ្ជាក់ថា ការអនុវត្តវិធានការចត្តាឡីស័កថ្មីនេះនឹងត្រូវបានណែនាំជាបណ្ដើរៗនៅប៉ុន្មានថ្ងៃខាងមុខនេះ រហូតដល់វាចូលជាធរមានពេញលេញនៅថ្ងៃសៅរ៍សប្ដាហ៍ ក្រោយ។ បើតាមគេហំទ័រ worldometer បារាំងបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៥,២៦០,១៨២នាក់ ក្នុងនោះស្លាប់ ១០០,៥៩៣នាក់ ជាសះស្បើយឡើងវិញ ៤,០៨១,០១៤នាក់៕