(បាងកក)៖ មនុស្សម្នារាប់រយនាក់កំពុងរង់ចាំយ៉ាងស្ងៀមស្ងាត់ នៅក្នុងថ្ងៃសៅរ៍នេះនៅឯពហុកីឡដ្ឋាន ទីក្រុងបាងកកក ដែលត្រូវបានកែច្នៃធ្វើជាទីកន្លែង ដើម្បីទទួលអ្នកធ្វើតេស្តរកជំងឺ COVID-19 ដោយមិនគិតថ្លៃ ខណៈការឆ្លងរាតត្បាតក្នុងប្រទេសអាស៊ានមួយនេះ បានឈានដល់ចំណុចអាក្រក់មិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

រលកទី ៣ នៃការឆ្លងរាតត្បាត COVID-19 ត្រូវបានគេដឹងថា បានចាប់ផ្តើមចេញពីទីក្រុងបាងកក ហើយរយៈពេល ០៤ថ្ងៃមកនេះ ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងចូលដល់ខ្ទង់ជាង ១,០០០នាក់។ នៅក្នុងរយៈពេល ១០ថ្ងៃប៉ុណ្ណោះ ចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃ បានលោតពីជាង ២៩,៩០០ករណី ទៅដល់ជាង ៤០,៥០០ករណី ហើយការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារតែការឆ្លងរាតត្បាតដ៏សាហាវនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីចក្រភពអង់គ្លេស។

អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ លោក ថាវីស៊ីន វីសានុយោធីន (Taweesin Visanuyothin) បានលើកឡើងនៅថ្ងៃសៅរ៍នេះថា «ជិត ១០,០០០ករណីឆ្លងត្រូវបានរកឃើញ នៅក្នុងសប្តាហ៍នេះ។ អ្នកជំងឺជិត ១២,០០០នាក់កំពុងសម្រាកព្យាបាល នៅតាមបណ្តាមន្ទីរពេទ្យ និងសាលព្យាបាលបណ្តោះអាសន្ននានា»

ស្ត្រីជនជាតិថៃម្នាក់ ដែលទើបបានចូលទៅធ្វើតេស្តរក COVID-19 នៅពហុកីឡដ្ឋានខាងលើនេះ បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំពិតជាមានការព្រួយបារម្ភណាស់ ចំពោះការចេញធ្វើដំណើរនៅខាងក្រៅ។ ខ្ញុំគិតថាការផ្ទុះលើកនេះ នឹងត្រូវអូសបន្លាយពីព្រោះតែវីរុស COVID-19 (បំប្លែងថ្មីមានប្រភពមកពីអង់គ្លេស) រាតត្បាតឆាប់រហ័ស»

គួរបញ្ជាក់ថា ការធ្វើតេស្តតែនៅក្នុងទីក្រុងបាងកក ដែលកន្លងមកត្រូវបានរាយការណ៍ថា បានជួបប្រទះបញ្ហាខ្វះខាតបរិក្ខា ធ្វើតេស្តរក COVID-19 នៅក្នុងមន្ទីរពេទ្យជាច្រើននោះ ត្រូវបានធ្វើឡើងនៅតាមសាលជាច្រើននៅទូទាំងទីក្រុង ដែលមានប្រជាជនរស់នៅជាង ១០លាននាក់មួយនេះ។ ទីកន្លែងទាំងអស់នេះ រួមទាំងពហុកីឡដ្ឋានបាងកក អាចមានសមត្ថភាពធ្វើតេស្តលើមនុស្ស ៣,០០០នាក់ក្នុងមួយថ្ងៃដោយមិនគិតថ្លៃ៕