(ប៉េកាំង)៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនាំចេញនាំចូល នៃការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិន នៅត្រីមាសទីមួយដែលបង្ហាញថា ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញបានកើនឡើង ២៩.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះការនាំចេញបានកើនឡើង ៣៨.៧ភាគរយ ហើយការនាំចូលបានកើនឡើង ១៩.៣ភាគរយ។

ដំណើរការនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន នៅត្រីមាសទីមួយបានបន្តរក្សានិន្នាការកើនឡើង ប្រកបដោយលក្ខណៈងើបឡើងវិញ ចាប់តាំងពីត្រីមាសទីបួននៅឆ្នាំ២០២០រៀងមក ដែលបានសម្រេច “ទីចាប់ផ្តើមដ៏ល្អប្រសើរ” ក្នុងឆ្នាំ២០២១។

មូលហេតុនៃការរក្សានិន្នាការកើនឡើងជាបន្តបន្ទាប់ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន គឺមិនពិបាកយល់បាននោះទេ។

បើមើលពីការនាំចេញអាចឃើញថា ទន្ទឹមនឹងក្របខ័ណ្ឌចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានពង្រីកធំជាសន្សឹមៗ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទាំងមូល បានលេចចេញនិន្នាការដ៏ល្អប្រសើរ។ ពេលថ្មីៗកន្លងទៅនេះ អង្គការពាណិជ្ជកម្មពិភពលោក បានតម្លើងការប៉ាន់ប្រមាណពីល្បឿនកំណើន នៃបរិមាណពាណិជ្ជកម្មទំនិញជាសកលពី ៧.២ភាគរយឡើងដល់ ៨ភាគរយ ។ ការកែលម្អតម្រូវការពីផ្ទៃខាងក្រៅ បានជំរុញយ៉ាងខ្លាំងឱ្យការនាំចេញរបស់ចិន កើនឡើងយ៉ាងឆាប់រហ័ស។

បើមើលពីការនាំចូលអាចឃើញថា ផលិតកម្ម ការវិនិយោគ និងការប្រើប្រាស់ផ្នែកឧស្សាហកម្មរបស់ចិន បន្តងើបឡើងវិញតទៅទៀត ដែលបានជំរុញឱ្យការនាំចូលងើបឡើងវិញ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសឱ្យដឹងថា របរផលិតកម្មបានងើបឡើងវិញថែមមួយកម្រិតទៀត បានជំរុញឱ្យការនាំចូលផលិតផល ដូចជាសៀគ្វីរួមបញ្ចូលគ្នា និងធនធានថាមពលជាដើមកើនឡើងឆាប់បង្គួរ។

សំខាន់ជាងនេះទៅទៀតគឺ ប្រទេសចិនបានរៀបចំ និងចាត់ចែងដោយមានប្រសិទ្ធភាពនូវការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ដំណើរការដោយនឹងនរ និងជាបន្តបន្ទាប់នៃពាណិជ្ជកម្មជាមួយបរទេស។ ព្រមពេលជាមួយនេះ ពីតារាងពិន្ទុនៃពាណិជ្ជកម្មជាមួយបរទេសនេះ មជ្ឈដ្ឋានខាងក្រៅក៏បានឃើញនូវនិន្នាការដ៏ល្អប្រសើរ ដែលនាំមកដោយការជំរុញការបើកទូលាយ ប្រកបដោយកម្រិតកាន់តែខ្ពស់ជាបន្តបន្ទាប់របស់ចិន។

នៅត្រីមាសទីមួយ ទំហំនាំចេញនាំចូល នៃតំបន់សន្និធិគយបណ្ដោះអាសន្នចម្រុះរបស់ចិនបានកើនឡើង ៤១.១ភាគរយ ទំហំនាំចេញនាំចូលនៃតំបន់ពិសោធន៍ ផ្នែកពាណិជ្ជកម្មសេរីបានកើនឡើង ២៨.៤ភាគរយ ហើយទំហំនាំចូលទំនិញរួចពន្ធ នៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន បានកើនឡើង១៦២.៥ភាគរយ។ វាច្បាស់ណាស់ថា ការបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ បាននាំមកនូវកំណើននៃពាណិជ្ជកម្មជាមួយបរទេស ប្រកបដោយគុណភាពកាន់តែខ្ពស់។ ការបើកទូលាយមិនត្រឹមតែមានអំណោយផល ដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ពិភពលោកទៀតផង ។

នៅត្រីមាសទីមួយនេះ ទំហំនាំចេញនាំចូលរបស់ចិនចំពោះ ប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” គឺ ២.៥ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២១.៤ភាគរយ ។ ទំហំនាំចេញនាំចូលរវាងចិន និងដៃគូចំនួន ១៤ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP គឺ ២.៦៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២២.៩ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅត្រូវជា ៣១.៥ភាគរយនៃទំហំនាំចេញនាំចូលសរុប នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។ ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញថា កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ នៅតែជានិន្នាការសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលដដែល។

បច្ចុប្បន្ននេះ ស្ថានការណ៍សេដ្ឋកិច្ចពិភពលោក នៅតែមានភាពស្មុគ្រស្មាញ និងតឹងរ៉ឹង ហើយការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេស ក៏ប្រឈមនឹងកត្តាមិនប្រាកដប្រជា និងអស្ថិរភាពជាច្រើនផងដែរ។ ប៉ុន្តែប្រទេសចិននឹងបន្តជំរុញកំណែទម្រង់ និងការបើកទូលាយតាមផែនការកំណត់ជាស្រេច បង្កើតលក្ខខណ្ឌអនុគ្រោះកាន់តែច្រើនឡើងៗ និងរក្សាពាណិជ្ជកម្មជាមួយបរទេស ឱ្យវិវឌ្ឍទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ដើម្បីជំរុញសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញ ដោយនឹងនរជាសន្សឹមៗ៕ #CCFR Comment#