(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃសុក្រនេះ នាថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចមិនចាត់ទុកវៀតណាម ស្វីស និងតៃវ៉ាន់ ជាប្រទេសក្រឡុករូបិយបណ្ណឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា កាលពីឆ្នាំ២០២០ តៃវ៉ាន់ វៀតណាម និងស្វីស ទទួលអតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក លើសពី២០ពាន់លានដុល្លារ ប៉ុន្តែទោះជាបែបនេះក៏ដោយ ពុំមានភស្តុតាងគ្រប់គ្រាន់ ដើម្បីអាចសន្និដ្ឋានបានថា ប្រទេសទាំងបីកំពុងតែ ក្រឡុកអត្រាប្តូរប្រាក់របស់ខ្លួន ដើម្បីបង្កើនផលចំណេញផ្នែកពាណិជ្ជកម្មឡើយ។

គួរបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុអាមេរិក នឹងបង្កើនការទាក់ទងជាមួយតៃវ៉ាន់ជុំវិញបញ្ហានេះ ហើយបន្តកិច្ចពិភាក្សាអំពីរឿងនេះ ជាមួយស្វីស និងវៀតណាម។ កាលពីខែធ្នូ ឆ្នាំ២០២០ អតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចាត់ទុក ស្វីសនិងវៀតណាម ជាប្រទេសក្រឡុករូបិយបណ្ណ៕