(ឡាហាវ៉ាន់)៖ គណបក្សកុម្មុយនិស្តគុយបា (PCC) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបើកសមាជបក្សរយៈពេល ០៤ថ្ងៃដែលវាជាប្រវិត្តសាស្រ្តហើយ ដើម្បីអនុម័តឱ្យមានការផ្ទេរអំណាចបង្រ្គប់កិច្ច ទៅកាន់មនុស្សជំនាន់ក្រោយ បន្ទាប់ពីរយៈពេល ០៦ទសវត្ស នៃការកាន់កាប់អំណាចដោយបងប្អូនត្រកូល Castro។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

ការគ្រប់គ្រង់អំណាច នឹងត្រូវផ្ទេរពីអតីតប្រធានាធិបតីគុយបា លោក Raul Castro ដែលអាយុ៨៩ឆ្នាំ ទៅកាន់លោក Miguel Diaz-Canel ដែលបានក្លាយជាប្រធានាធិបតីគុយបារួចទៅហើយ ចាប់តាំងពីឆ្នាំ២០១៨ មកម៉្លេះ នៅពេលលោក Castro បានលះបង់អំណាចមួយផ្នែកមួយនេះ។

ក្រៅពីតំណែងជាប្រធានាធិបតី នាពេលនេះ លោក Diaz-Canel ដែលអាយុ៦០ឆ្នាំ ក៏នឹងត្រូវកាន់តំណែងដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសគុយបាផងដែរ នោះគឺជាអគ្គលេខាធិការនៃគណបក្ស PCC ដែលកន្លងមកត្រូវបានកាន់កាប់ដោយលោក Castro និងបងប្រុសរបស់លោក គឺមេដឹកនាំបដិវត្តលោក Fidel Castro ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៦ តែប៉ុណ្ណោះ។

នៅក្នុងសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Diaz-Canel បានគូសបញ្ជាក់ថា សមាជបក្សនឹងក្លាយជាវេទិកាមួយដែល «រាល់គំនិតត្រូវបានបើកចំហរ ប្រវត្តិសាស្ត្រត្រូវបានទទួលស្គាល់ និងអនាគតត្រូវបានយកមកពិភាក្សា»។ ប៉ុន្តែលោក Diaz-Canel បានគូសបញ្ជាក់បន្ថែមថា ប្រទេសគុយបានឹង «បន្ត» ជាប្រទេសមួយក្នុងចំណោមប្រទេសកុម្មុយនិស្ត ចំនួនប្រាំចុងក្រោយរបស់ពិភពលោក ដែលកំពុងឆ្ពោះទៅអនាគត។

គួរបញ្ជាក់ថា មុនសម័យលោក Raul Castro លោក Fidel Castro បានគ្រប់គ្រងប្រទេសគុយបាអស់រយៈពេលជិតកន្លះសតវត្សរ៍ គឺចាប់តាំងឆ្នាំ១៩៥៩ ដល់ ឆ្នាំ២០០៦ នៅពេលដែលលោកធ្លាក់ខ្លួនឈឺ។ សព្វថ្ងៃលោក Fidel នៅតែត្រូវបានគេគោរពជាបិតារបស់គុយបា និងជាអ្នកជួយសង្គ្រោះរបស់ប្រទេសនេះ។ ចំណែកឯ លោក Diaz-Canel បានក្លាយជាមេដឹកនាំស៊ីវិលដំបូងគេរបស់ប្រទេសគុយបា គិតចាប់តាំងពីបដិវត្តដឹកនាំដោយត្រកូល Castro នៅទសវត្សឆ្នាំ១៩៥០ ដែលបានកើតឡើងមុនពេលលោកចាប់កំណើតទៅទៀត៕