(ប៉េកាំង)៖ យោងតាមការផ្សាយដំណឹងរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានរៀបចំកិច្ចសន្ទនាដោយប្រយោលឡើងវិញ នៅទីក្រុងវីយែនប្រទេសអូទ្រីស កាលពីថ្ងៃទី ១៥ ខែមេសា ដើម្បីជួយស្រោចស្រង់កិច្ចព្រមព្រៀង ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ កាលពីមួយថ្ងៃមុន លោក Ayatollah Sayyed Ali Khamenei មគ្គុទេ្ទសក៍កំពូលអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើសហរដ្ឋអាមេរិក ចង់វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ នោះគួរតែលុបបំបាត់ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាមុន។

លោក Joseph Nye សាស្ត្រាចារ្យសកលវិទ្យាល័យហាវ៉ាដនៃអាមេរិកធ្លាប់សរសេរអត្ថបទវែកញែកថា ក្នុងរយៈពេលជាង ៧០ ឆ្នាំបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តគោលនយោបាយជ្រៀតជ្រែកនិយមជាប់រហូតមក។ ពីការឈ្លានពានដោយយោធា ការដាក់ទណ្ឌកម្ម និងដាក់សម្ពាធដល់ការញុះញង់ឱ្យបង្កកុបកម្ម។ល។

សហរដ្ឋអាមេរិកខិតខំអស់ពីលទ្ធភាព ដើម្បីអនុវត្តគោលនយោបាយជ្រៀតជ្រែកនិយមរបស់ខ្លួន ក្នុងន័យគាំពារអនុត្តរភាពដាច់ខាត ចំពោះពិភពលោកទាំងមូល។ ពីការបំផុសសង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ីនិងស៊ីរីជាដើមដល់ការញុះញង់ ឱ្យបង្ករលកបដិវត្តន៍ពណ៌ដែលហៅថា «រដូវផ្ការីកនៃពិភពអារ៉ាប់» នៅតំបន់អាស៊ីនិងអាហ្រ្វិក ពីការញុះញង់ឱ្យបំផុស «បដិវត្តន៍ពណ៌» នៅបណ្តាប្រទេសអឺរ៉ាសៀនរហូតដល់ការប្រើប្រាស់ «អំណាចដៃវែង» ទៅលើអ៊ីរ៉ង់ គុយបា វ៉េណេស៊ុយអេឡា និងចិនជាដើម អនុត្តរភាពរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យពិភពលោកធ្លាក់ចូលក្នុងភាពវឹកវរ។

ទោះបីជានាពេលបច្ចុប្បន្នដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងពិភពលោកក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែអនុវត្ត ការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើ ប្រទេសជាច្រើនជាញឹកញាប់ ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ ការរួមគ្នាសាមគ្គីក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺឆ្លង នៅទូទាំងពិភពលោក ក៏ដូចជាធ្វើឱ្យវិបត្តិមនុស្សធម៌ កាន់តែមានភាពធ្ងន់ធ្ងរឡើងផងដែរ។

នាពេលថ្មីៗកន្លងទៅនេះ លោក Ken Merck សេដ្ឋវិទូកាណាដាបាននិពន្ធអត្ថបទវែកញែកថា ដោយសារឋានៈជា រូបិយវត្ថុសកលរបស់ដុល្លារអាមេរិក បានជាធ្វើឱ្យអាមេរិកអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀតតាមរយៈការដាក់ទណ្ឌកម្ម ពោលគឺ កាត់ផ្តាច់មធ្យោបាយទទួលបានដុល្លារអាមេរិករបស់ប្រទេសទាំងនេះ។ រីឯប្រទេសដែលរងការដាក់ទណ្ឌកម្ម ពីអាមេរិកបាននិងកំពុងប្រឈមនឹង ភាពថមថយចុះនៃសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ប្រជាជន ក៏បានជួបប្រទះនឹងបញ្ហាលំបាកផងដែរ ឧទាហរណ៍ដូចជា វេណេស៊ុយអេឡានិងអ៊ីរ៉ង់ គឺជាភស្តុតាងជាក់ស្តែង។

តាមពិតទៅ ជ្រៀតជ្រែកនិយមបានបណ្តាល ឱ្យអាមេរិកបង់តម្លៃយ៉ាងធ្ងន់ធ្ងររួចរាល់ទៅហើយ។ ឧទាហរណ៍ដូចជា បញ្ហាជនអន្តោប្រវេសន៍នៃទ្វីបអាមេរិកកណ្តាល ដែលបានធ្វើឱ្យប៉ះពាល់ដល់អាមេរិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ បណ្តាលមកពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់បណ្តាប្រទេសអាមេរិកឡាទីន ក្នុងកម្រិតយ៉ាងខ្លាំង។ ការវាយប្រហារភេរវកម្មមួយចំនួន ដែលបានកើតឡើងនៅបណ្តាប្រទេសអឺរ៉ុបនិងអាមេរិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានទំនក់ទំនងដោយផ្ទាល់ ទៅនឹងជ្រៀតជ្រែកនិយមរបស់អាមេរិកផងដែរ។

ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ គឺជាគោលការណ៍មូលដ្ឋាននៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយក៏ជាសច្ចយុត្តិធម៌អន្តរជាតិផងដែរ។ ទស្សនៈតម្លៃរបស់អាមេរិក មិនមែនជាទស្សនៈតម្លៃអន្តរជាតិនោះទេ ហើយក្បួនច្បាប់ដែលតាក់តែងដោយអាមេរិក ក៏មិនមែនជាក្បួនច្បាប់អន្តរជាតិផងដែរ។ សូមបញ្ជាក់ថា ការប្រើប្រាស់ «អំណាចដៃវែង» របស់ «ពូTom» គួរតែបញ្ឈប់ហើយ៕