(ហុងកុង)៖ ទីបំផុតមហាសេដ្ឋីមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ត្រូវបានតុលាការសម្រេចផ្តន្ទាទោស «ដាក់ពន្ធនាគារចំនួន១២ខែ» ពាក់ព័ន្ធនឹងបាតុកម្មដ៏ធំដែលបានផ្ទុះឡើង នៅក្នុងទីក្រុងស្វយ័តរបស់ចិនមួយនេះ កាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

នេះគឺជាលើកដំបូងហើយសម្រាប់មហាសេដ្ឋី Jimmy Lai វ័យ ៧៣ឆ្នាំ ដែលទទួលការកាត់ទោសពីតុលាការសង្កាត់មួយនៅហុងកុង ពាក់ព័ន្ធភាពជាសកម្មជនរបស់លោក នៅក្នុងមហាបាតុកម្មកាលពីឆ្នាំ២០១៩។ ពីដំបូងឡើយចៅក្រមនៃតុលាការសង្កាត់ហុងកុង បានកាត់ទោសលោក Jimmy Lai ដាក់ពន្ធនាគាររយៈពេល ១៥ខែឯណោះ ប៉ុន្តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ១២ខែវិញ។

គួរបញ្ជាក់ថា ក្រៅពីលោក Jimmy Lai លោក ម៉ាទីន លី (Martin Lee) ដែលជាអ្នកធ្លាប់ជួយបង្កើត គណបក្សប្រជាធិបតេយ្យធំបំផុតនៅទីក្រុងហុងកុង កាលពីទសវត្សរ៍ ១៩៩០ ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១១ខែ ពីបទល្មើសដូចទៅនឹងលោក Lai ផងដែរ។ ការចាប់ខ្លួន និងផ្តន្ទាទោសត្រូវបានធ្វើឡើង នៅក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលចិនទើបដាក់ឲ្យអនុវត្តនៅទីក្រុងហុងកុងកាលពីឆ្នាំមុន៕