(វ៉ាស៉ីនតោន)៖ មនុស្សចំនួន០៩នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

ស្ថាប័នប៉ូលិសនៃទីក្រុង Indianapolisបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្លាំងប៉ូលិសបានឆ្លើយតបចំពោះ ហេតុការណ៍បាញ់ប្រហារមួយ នៅឯឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុនដឹកជញ្ជូន FedEx ហើយមនុស្សមួយចំនួន ត្រូវបានបាញ់ប្រហារ ក្នុងនោះ០៨នាក់ស្លាប់ ខណៈអ្នកដទៃទៀតដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បើតាមប៉ូលិស បុរសម្នាក់ដែលជាខ្មាន់កាំភ្លើង ក៏បានបាត់បង់ជីវិត ផងដែរ ហើយពួកគេជឿថាជាការធ្វើអត្តឃាតខ្លួនឯង។

គួរបញ្ជាក់ថា កាលពីចុងខែមុន មនុស្ស០៤នាក់ ក្នុងនោះមានកុមារម្នាក់ផងដែរ ត្រូវបានបាញ់ស្លាប់ នៅអគារការិយាល័យមួយកន្លែង នៅភាគខាងត្បូងរដ្ឋ California ហើយមិនដល់មួយសប្តាហ៍កន្លងទៅឡើយ បុរសម្នាក់បានស្លាប់សម្លាប់មនុស្ស០៨នាក់ ក្នុងនោះមានស្រ្តី០៦នាក់ ដែលមានពូជអម្បូរកាត់អាស៉ី នៅកន្លែងស៉្បាមួយកន្លែង ក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia។ ក្នុងមួយឆ្នាំៗ មនុស្សជិត៤,០០០នាក់នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារតែកាំភ្លើង ដោយក្នុងនោះជាងពាក់កណ្តាលជាករណីធ្វើអត្តឃាត៕