(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ហ៊ូអនស៍ ហ្គ្លោប៊ល (Huons Global) នៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួននឹងដឹកនាំក្រុមហ៊ុនសម្ព័ន្ធមួយ ដើម្បីផលិតវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ី ១០០លានដូស ក្នុងរយៈពេលមួយខែ ស្របពេលទីក្រុងម៉ូស្គូកំពុងបង្កើនការផលិត ដើម្បីផ្គត់ផ្គង់នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

ការប្រកាសរបស់ក្រុមហ៊ុន Huons Global បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនជីវសាស្ត្រកូរ៉េខាងត្បូង ជីអ៊ិល រ៉ាហ្វា (GL Rapha) បានចុះកិច្ចព្រមព្រៀងជាមួយ មូលនិធិវិនិយោគដោយផ្ទាល់របស់រុស្ស៊ី (RDIF) កាលពីចុងឆ្នាំ២០២០ ក្នុងការផលិតវ៉ាក់សាំង Sputnik V ច្រើនជាង ១៥០លានដូសក្នុងមួយឆ្នាំ។ ក្រុមហ៊ុន Huons Global បានក៏បញ្ជាក់ដែរថា ក្រុមហ៊ុនសម្ព័ន្ធនឹងចាប់ផ្ដើមផលិតវ៉ាក់សាំងរុស្ស៊ី នៅខែសីហាខាងមុខនេះ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Huons Global ក្រុមហ៊ុនដែលបានចូលរួមក្នុងសម្ព័ន្ធខាងលើ ក្នុងនោះរួមមានក្រុមហ៊ុន ប្រេស្ទីច បាយអូហ្វាម៉ា (Prestige BioPharma), ហ៊ូមេឌីច (Humedix) និងក្រុមហ៊ុន បូរ៉ាណ ហ្វាម៉ា (Boran Pharma) ហើយពួកគេនឹងសាងសង់រោចងក្រថ្មីមួយ ដើម្បីផលិតវ៉ាក់សាំងរុស្ស៊ី៕