(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ លទ្ធភាពអាចទៅរួចក្នុងការចាក់វ៉ាក់សាំងបន្ថែម ដែលអាចនឹងត្រូវការជាចាំបាច់រយៈពេលចន្លោះពី ៩-១២ខែទៀត លើមនុស្សដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ ឬ២ដូសរួចរាល់។ នេះបើតាមមន្ត្រីសេតវិមានម្នាក់ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

លោក ដេវីដ ខេសស្លឺ (David Kessler) ជាប្រធានការិយាល័យវិទ្យាសាស្ត្រ នៃអង្គភាពប្រឆាំង COVID-19 របស់លោកប្រធានាធិបតី ចូ បៃដិន បានឱ្យដឹងទៀតថា ខណៈរយៈពេលនៃប្រព័ន្ធភាពសុំាក្រោយចាក់វ៉ាក់សាំង កំពុងស្ថិតនៅក្រោមការសិក្សានៅឡើយ ការចាក់វ៉ាក់សាំងបន្ថែមអាចនឹងត្រូវការជាចាំបាច់ ហើយក្រុមមនុស្សដែលងាយរងគ្រោះ អាចនឹងទទួលបានការចាក់វ៉ាក់សាំងបន្ថែម ដែលជាអាទិភាពសម្រាប់ពួកគេ។

ជុំវិញការចាក់វ៉ាក់សាំងបន្ថែមនេះដែរ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Pfizer លោក អាល់់ប៊ឺត បួឡា (Albert Bourla) ធ្លាប់បានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ ឬ ២ដូស ទំនងជានឹងចាំបាច់ត្រូវការចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ នៅក្នុងរយៈពេល ១២ខែ ហើយអាចនឹងត្រូវចាក់ជាប្រចាំឆ្នាំក៏ថា បានប្រឈមមុខនឹងការឆ្លងរាតត្បាត នៃវីរុសបំប្លែងខ្លួនថ្មី។

គួរបញ្ជាក់ថា បើតាមទិន្នន័យបឋម វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna រួមទាំងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech មានប្រសិទ្ធភាពប្រឆាំងជំងឺឆ្លង ដ៏កាចសាហាវមួយនេះរយៈពេល ០៦ខែ។ តែការសិក្សាពីរយៈពេលនៃប្រសិទ្ធភាពវ៉ាក់សាំងក្រុមហ៊ុននេះ កំពុងស្ថិតនៅក្រោមការសិក្សាស្រាវជ្រាវនៅឡើយ៕