(ប៉េកាំង)៖ គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនជាង ២០លានដូសហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

ប្រជាជនសរុបចំនួន ១២.៥លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយ ក្នុងនោះមានប្រជាជន ៧.៥៤លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ២ដូស)។ ប្រមាណ ៦៤.២ភាគរយនៃប្រជាជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដំបូង នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។ ទន្ទឹមនឹងនេះ ប្រជាជនសរុបចំនួន ១.២៨លាននាក់ដែលមានអាយុលើសពី ៦០ឆ្នាំឡើងបានទទួលការចាក់វាក់សាំងនេះ ដោយមនុស្សចាស់ជាងគេ មានអាយុលើសពី ១០០ឆ្នាំ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថភាពចាក់វ៉ាក់សាំងប្រចាំថ្ងៃរបស់ទីក្រុងប៉េកាំង ដែលមានប្រជាជនសរុបជិត ២១លាននាក់ បានឈានដល់ចំនួន ៤០០,០០០ដូសហើយក្នុងមួយថ្ងៃ។ រីឯកន្លែងចាក់វ៉ាក់សាំងជាង ៤០០កន្លែងត្រូវបានបង្កើតឡើងនៅទូទាំងទីក្រុង៕