(ញូដេលី)៖ ករណីឆ្លងរាតត្បាតជំងឺ COVID-19 នៅទូទាំំងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា កាន់តែធ្ងន់ធ្ងរឡើងថែមមួយកម្រិតទៀតហើយ ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ករណីវិជ្ជមានរហូតដល់ទៅ ២០០,៧៣៩នាក់ទៀតត្រូវបានរាយការណ៍ និងអ្នកជំងឺរហូតដល់ ១,០៣៨នាក់ទៀតបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

បើតាមទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលឥណ្ឌា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ កើនឡើងដល់ ១៤.១លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៧៣,១២៣នាក់ និងជាសះស្បើយឡើងវិញជាង ១២.៤២លាននាក់។

សម្រាប់ការស្ទុះងើបឡើងវិញយ៉ាងគំហុកនៃករណីឆ្លង និងស្លាប់ដោយសារ COVID-19 ត្រូវបានផ្សាភ្ជាប់ទៅនឹងពិធីបុណ្យសាសនាដ៏ធំធេងមួយ ដែលបាននាំឲ្យពិភពលោកទាំងមូលមើលឃើញ តាមរយៈរូបភាពនៃការចុះងូតទឹកទន្លេហ្គាន់ជីស៍ (Ganges) ដែលប្រជាជនឥណ្ឌាចាត់ទុកថាជាទឹកដ៏ពិសិដ្ឋ។ សកម្មភាពទាំងនោះត្រូវបានធ្វើឡើង ដោយបំពានទៅនឹងវិធានការសុវត្ថិភាព ដើម្បីការពារខ្លួនពី COVID-19 ក្នុងនោះមានដូចជាការមិនពាក់ម៉ាស, ការប្រមូលផ្តុំគ្នាយ៉ា់ងកកុញ និងការចុះងូតទឹកជុំគ្នា ខណៈប្រទេសឥណ្ឌាផ្ទាល់ កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេលំដាប់លេខ ២ លើលោក សម្រាប់ករណីឆ្លងជំងឺដ៏កាចសាហាវនេះ។

ងាកទៅមើលកម្មវិធីចាក់វ៉ាក់សាំងវិញ ឥណ្ឌាទើបតែសម្រេចបានប្រមាណជាង ១០៦លានដូសប៉ុណ្ណោះ ក្នុងការចាក់ជូនប្រជាជនខ្លួន។ បើទោះបីជាមានការផ្អាក ការផ្គត់ផ្គង់វ៉ាក់សាំងទៅដល់សម្ព័ន្ធវ៉ាក់សាំងអន្តរជាតិ (Gavi) និងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ក្តី ក៏ការចាក់វ៉ាក់សាំងហាក់នៅតែកំពុងជួបប្រទះភាពយឺតយ៉ាវនៅឡើយ។ ពេលនេះអាជ្ញាធរឥណ្ឌាកំពុងតែបង្កើនល្បឿនអនុម័តវ៉ាក់សាំង ដើម្បីឲ្យខ្លួនអាចប្រើប្រាស់វ៉ាក់សាំង មកពីបរទេសបន្ថែមទៀតដូចជា Pfizer-BioNTech, Johnson & Johnson, Novavax និង Moderna ជាដើម៕