(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Hassan Rouhani នៅថ្ងៃពុធនេះ បានប្រកាសថា ការសម្រេចបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឲ្យដល់កម្រិត៦០ភាគរយ គឺជាការឆ្លើយតបចំពោះអំពើអាក្រក់ ដែលប្រព្រឹត្តដោយប្រទេសមួយចំនួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅថ្ងៃពុធនេះ លោកប្រធានាធិបតីអ៉ីរ៉ង់បាននិយាយដូច្នេះថា «ការដែលយើងបានប្រកាសដាក់ដំណើរការ ប្រព័ន្ធចម្រាញ់អ៊ុយរ៉ាញ៉ូមដ៏ទំនើប IR-6 នៅមូលដ្ឋាននុយក្លេអ៊ែរ Natanz និងបង្កើនកម្រិតនៃការចម្រាញ់ឲ្យដល់៦០ភាគរយផងដែរនោះ គឺជាចម្លើយចំពោះទង្វើអាក្រក់របស់ប្រទេសខ្លះ។ អ្នកឯងមិនអាចបង្កើតផែនការ ប្រឆាំងនឹងប្រជាជាតិអ៉ីរ៉ង់ ហើយប្រព្រឹត្តបទឧក្រិដ្ឋនៅមូលដ្ឋាន Natanz បានទេ... យើងនឹងឆ្លើយតបទៅវិញ»

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ការដាច់ប្រព័ន្ធចរន្តអគ្គិសនីទ្រង់ទ្រាយធំ បានកើតឡើងនៅមូលដ្ឋានចម្រាញ់អ៊ុយរ៉ាញ៉ូម Natanz ដែលស្ថិតនៅភាគកណ្តាលប្រទេសអ៉ីរ៉ង់។ មន្រ្តីអ៉ីរ៉ង់មួយចំនួន បានចោទអ៉ីស្រាអែលថា ជាអ្នកនៅពីក្រោយការបង្កហេតុនេះ។

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (JCPOA) ត្រូវបានអនុញ្ញាតឲ្យចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតខ្ពស់បំផុតត្រឹម៣.៦៧ភាគរយប៉ុណ្ណោះ ហើយការស្តុកទុកមិនត្រូវច្រើនជាង៣០០គីឡូក្រាមនោះទេ។ ប៉ុន្តែបន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនជាលក្ខណៈឯកតោភាគី ចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មលើខ្លួនឡើងវិញ កាលពីជំនាន់រដ្ឋបាលលោក ត្រាំ អ៉ីរ៉ង់ ក៏បានចាប់ផ្តើម កាត់បន្ថយការគោរពកិច្ចព្រមព្រៀង ហើយនៅដើមឆ្នាំនេះ បានបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមដល់២០ភាគរយ៕