(ប៉េកាំង)៖ កាលពីថ្ងៃអង្គារ ទី១៣ ខែមេសា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនាំចេញនាំចូល នៃការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិន នៅត្រីមាសទីមួយ ដែលបង្ហាញថា ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញ បានកើនឡើង២៩.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះការនាំចេញបានកើនឡើង៣៨.៧ភាគរយ ហើយការនាំចូលបានកើនឡើង១៩.៣ភាគរយ។

ដំណើរការនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅត្រីមាសទីមួយ បានបន្តរក្សានិន្នាការកើនឡើង ប្រកបដោយលក្ខណៈងើបឡើងវិញ ចាប់តាំងពីត្រីមាសទីបួននៅឆ្នាំ២០២០រៀងមក ដែលបានសម្រេច «ទីចាប់ផ្តើមដ៏ល្អប្រសើរ» ក្នុងឆ្នាំ២០២១។ មូលហេតុនៃការរក្សានិន្នាការកើនឡើងជាបន្តបន្ទាប់ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន គឺមិនពិបាកយល់បាននោះទេ។

បើមើលពីការនាំចេញអាចឃើញថា ទន្ទឹមនឹងក្របខ័ណ្ឌចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានពង្រីកធំជាសន្សឹមៗ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទាំងមូល បានលេចចេញនិន្នាការដ៏ល្អប្រសើរ។ ពេលថ្មីៗកន្លងទៅនេះ អង្គការពាណិជ្ជកម្មពិភពលោក បានតម្លើងការប៉ាន់ប្រមាណពីល្បឿនកំណើន នៃបរិមាណពាណិជ្ជកម្មទំនិញជាសកលពី៧.២ភាគរយ ឡើងដល់៨ភាគរយ។

ការកែលម្អតម្រូវការពីផ្ទៃខាងក្រៅ បានជំរុញយ៉ាងខ្លាំងឱ្យការនាំចេញរបស់ចិន កើនឡើងយ៉ាងឆាប់រហ័ស។ បើមើលពីការនាំចូលអាចឃើញថា ផលិតកម្ម ការវិនិយោគនិងការប្រើប្រាស់ផ្នែកឧស្សាហកម្មរបស់ចិន បន្តងើបឡើងវិញតទៅទៀត ដែលបានជំរុញឱ្យការនាំចូលងើបឡើងវិញ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថា របរផលិតកម្មបានងើបឡើងវិញថែមមួយកម្រិតទៀត បានជំរុញឱ្យការនាំចូលផលិតផលដូចជា សៀគ្វីរួមបញ្ចូលគ្នានិងធនធានថាមពលជាដើម កើនឡើងឆាប់បង្គួរ។

សំខាន់ជាងនេះទៅទៀតគឺ ប្រទេសចិនបានរៀបចំនិងចាត់ចែងដោយមានប្រសិទ្ធភាព នូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ដំណើរការដោយនឹងនរ និងជាបន្តបន្ទាប់នៃពាណិជ្ជកម្មជាមួយបរទេស។ ព្រមពេលជាមួយនេះ ពីតារាងពិន្ទុនៃពាណិជ្ជកម្មជាមួយបរទេសនេះ មជ្ឈដ្ឋានខាងក្រៅក៏បានឃើញ នូវនិន្នាការដ៏ល្អប្រសើរដែលនាំមកដោយ ការជំរុញការបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ ជាបន្តបន្ទាប់របស់ចិន។

នៅត្រីមាសទីមួយ ទំហំនាំចេញនាំចូលនៃតំបន់សន្និធិគយបណ្ដោះអាសន្នចម្រុះរបស់ចិន បានកើនឡើង៤១.១ភាគរយ ទំហំនាំចេញនាំចូលនៃតំបន់ពិសោធន៍ផ្នែកពាណិជ្ជកម្មសេរី បានកើនឡើង២៨.៤ភាគរយ ហើយទំហំនាំចូលទំនិញរួចពន្ធ នៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន បានកើនឡើង១៦២.៥ភាគរយ។ វាច្បាស់ណាស់ថា ការបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ បាននាំមកនូវកំណើននៃពាណិជ្ជកម្មជាមួយបរទេស ប្រកបដោយគុណភាពកាន់តែខ្ពស់ ។

ការបើកទូលាយមិនត្រឹមតែមានអំណោយផលដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកទៀតផង។ នៅត្រីមាសទីមួយនេះ ទំហំនាំចេញនាំចូលរបស់ចិនចំពោះប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» គឺ២.៥ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង២១.៤ភាគរយ។ ទំហំនាំចេញនាំចូលរវាងចិននិងដៃគូចំនួន១៤ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP គឺ២.៦៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង២២.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ត្រូវជា៣១.៥ភាគរយ នៃទំហំនាំចេញនាំចូលសរុប នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។

ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញថា កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ នៅតែជានិន្នាការសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលដដែល។ បច្ចុប្បន្ននេះ ស្ថានការណ៍សេដ្ឋកិច្ចពិភពលោក នៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹង ហើយការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេស ក៏ប្រឈមនឹងកត្តាមិនប្រាកដប្រជា និងអស្ថិរភាពជាច្រើនផងដែរ។ ប៉ុន្តែប្រទេសចិននឹងបន្តជំរុញកំណែទម្រង់និងការបើកទូលាយ តាមផែនការកំណត់ជាស្រេច បង្កើតលក្ខខណ្ឌអនុគ្រោះ កាន់តែច្រើនឡើងៗ និងរក្សាពាណិជ្ជកម្មជាមួយបរទេស ឱ្យវិវឌ្ឍទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ដើម្បីជំរុញសេដ្ឋកិច្ចសកល ឱ្យងើបឡើងវិញដោយនឹងនរជាសន្សឹមៗ៕