(ប៉េកាំង)៖ ប្រទេសចិនបានហៅការហ្វឹនហ្វឺន កងកម្លាំងយោធារបស់ខ្លួន នៅក្បែរកោះតៃវ៉ាន់នោះថាជា «សមយុទ្ធត្រៀមប្រយុទ្ធ» នៅក្នុងថ្ងៃពុធនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនអតីតមន្ត្រីជាន់ខ្ពស់អាមេរិកប៉ុន្មានរូប ទៅដល់កោះតៃវ៉ាន់ តាមការរៀបចំរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នារសៀលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

ក្នុងសមយុទ្ធយោធារបស់ចិនខាងលើនេះ ត្រូវបានចូលរួមដោយយន្តហោះយោធា ២៥គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក-នុយក្លេអ៊ែរផងដែរ។ យោធាកោះតៃវ៉ាន់បានអះអាងថា យន្តហោះយោធាចិនទាំងអស់នេះ បានឆ្លងចូលមកក្នុងតំបន់ការពារដែនអាកាស នៃកោះតៃវ៉ាន់ (ADIZ) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាសញ្ញាបង្ហាញអំពី ភាពតានតឹងកើនឡើងបន្ថែមទៀត។

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោក ម៉ា ហ្ស៊ាវក្វាង (Ma Xiaoguang) បានលើកឡើងនៅថ្ងៃពុធនេះថា «កងទ័ពរំដោះប្រជាជនចិន (PLA) បាននិងកំពុងធ្វើសមយុទ្ធត្រៀមប្រយុទ្ធ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាសកម្មភាពចាំបាច់ ក្នុងការឆ្លើយតបចំពោះ ស្ថានការណ៍នាពេលបច្ចុប្បន្នក្នុងច្រកសមុទ្រតៃវ៉ាន់ និងដើម្បីការពារអធិបតេយ្យជាតិ។ ក្រុមឧទ្ទាមដែលរួមមានទាំង កម្លាំងមកពីខាងក្រៅ កំពុងតែព្យាយាមបង្កហេតុ ដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាព។ នេះគឺជាការឆ្លើយតបយ៉ាងឱឡារិក ចំពោះការជ្រៀតជ្រែក និងបង្ករឿងពីសំណាក់កម្លាំងទាមទារឯករាជ្យនៅតៃវ៉ាន់»

អ្នកនាំពាក្យខាងលើនេះបានព្រមានទៀតថា «សមយុទ្ធយោធា និងការបង្កើនសមត្ថភាពរបស់ PLA កំពុងបញ្ជូនសញ្ញាមួយយ៉ាងច្បាស់លាស់ អំពីការប្តេជ្ញាចិត្តរបស់ចិន និងជាការទប់ស្កាត់ចេតនាចង់បានឯករាជ្យ នៃកោះតៃវ៉ាន់ ព្រមទាំងការគប់គិតគ្នារវាងតៃវ៉ាន់ និងអាមេរិក ហើយចិនមិនមែនគ្រាន់តែនិយាយប៉ុណ្ណោះទេ...»