(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga នៅថ្ងៃអង្គារនេះ បានប្រកាសថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងបញ្ចេញទឹកជាង០១លានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយរញ្ជួយដីនិងស៊ូណាមិ កាលពី១០ឆ្នាំមុន ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។

ការងារបញ្ចេញទឹកខាងលើនឹងចាប់ផ្តើម ក្នុងរយៈពេលប្រហែល០២ឆ្នាំទៀត ហើយត្រូវប្រើពេលវេលាសរុបរាប់ទសវត្សរ៍ ទើបអាចសម្រេចរួចរាល់ជាស្ថាពរ។ រដ្ឋាភិបាលជប៉ុនបានធានាថា ការបញ្ចេញទឹកទាំងនោះ នឹងមិនបង្កហានិភ័យអ្វីទេ ដោយសារតែពួកវា ត្រូវបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម ដើម្បីច្រោះយកធាតុវិទ្យុសកម្មសឹងទាំងអស់ចេញហើយ។

ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ IAEA ក៏បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់ជប៉ុនផងដែរ ដោយថាគម្រោងបញ្ចេញទឹកពីរោងចក្រ នុយក្លេអ៊ែរ Fukushima គឺស្រដៀងគ្នាទៅនឹងដំណើរការបញ្ចេញកាកសំណល់ទឹក នៅតាមរោងចក្រនុយក្លេអ៊ែរដទៃៗទៀត នៅជុំវិញពិភពលោកដែរ។

មកទល់ពេលនេះ ទឹកប្រមាណ១.២៥លានតោន ត្រូវបានប្រមូលផ្តុំនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ ក្រោយស្នូលរ៉េអាក់ទ័ររបស់វាជួបបញ្ហាធ្ងន់ធ្ងរ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១។ ទឹកទាំងនោះ រួមមានទឹកដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ចុះកម្តៅស្នូលរ៉េអាក់ទ័រ រួមជាមួយទឹកភ្លៀងនិងទឹកក្រោម ដែលជ្រាបទៅប៉ះស្នូលរ៉េអាក់ទ័រ។ ប្រព័ន្ធបូមទឹកនិងចម្រោះដ៏ទំនើបមួយហៅថា ALPS មានតួនាទីបូមទឹកពុលថ្មីៗជាប្រចាំ ហើយច្រោះចោលធាតុវិទ្យុសកម្មភាគច្រើន។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើ បានជួបនឹងការបង្ហាញក្តីបារម្ភពីសំណាក់ សហគមន៍អ្នកនេសាទនៅក្នុងប្រទេសជប៉ុនផ្ទាល់ ក៏ដូចជាពីសំណាក់ប្រទេសជិតខាងនៅក្នុងតំបន់ ដូចជាកូរ៉េខាងត្បូង និងចិនជាដើម៕