(ញូដេលី)៖ ពិធិបុណ្យផ្សេងៗនៅក្នុងប្រទេសឥណ្ឌាកន្លងមកនេះ ជាពិសេសការចុះងូតទឹកទន្លេ ដែលត្រូវបានចាត់ទុកថាជាទឹកពិសិដ្ឋ នាំសិរីសួស្តីជារៀងរាល់ឆ្នាំនោះ ត្រូវបានគេមើលឃើញថា ជាកត្តាជំរុញឲ្យករណីឆ្លង COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងយ៉ាងគំហុក នៅក្នុងរយៈពេលជាង ១សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ជាក់ស្តែងនៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឥណ្ឌាទើបតែបានប្រកាសអំពីចំនួនអ្នកឆ្លង COVID-19 រហូតដល់ទៅ ១៦១,៧៣៦នាក់ទៀត ដែលទើបត្រូវបានរកឃើញនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣.៦៩លាននាក់។ នៅក្នុងរយៈពេលដូចគ្នា អ្នកជំងឺចំនួន ៨៧៩នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ១៧១,០៥៨នាក់។

គួរបញ្ជាក់ថា ការចុះមុជទឹកទន្លេជុំគ្នាជាប្រពៃណី ជាពិសេសនៅក្នុងទន្លេ ហ្គែនជីស៍ (Ganges) បានបង្ហាញអំពីទិដ្ឋភាពមនុស្សម្នាយ៉ាងកកុញបំផុត ដែលពិតជាការបំពានយ៉ាងធ្ងន់ធ្ងរ ទៅនឹងវិធានការសុវត្ថិភាព ណែនាំដោយអាជ្ញាធរសុខាភិបាលជាតិ និងអន្តរជាតិ។ ក្រុមអ្នកជំនាញបានព្រមានថា ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលឿនពេក, ការប្រារព្ធពិធីបុណ្យប្រពៃណីជាច្រើន និងការប្រមូលផ្តុំនៃក្រុមអ្នកនយោបាយ ក្នុងរដូវកាលបោះឆ្នោតតាមរដ្ឋមួយចំនួននៅឥណ្ឌា នឹងធ្វើឲ្យរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 វិវឌ្ឍកាន់តែអាក្រក់៕