(ហ្សាការតា)៖ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo បានចេញមុខរិះគន់ចំពោះបណ្តាប្រទេសអ្នកមានៗ ជុំវិញការប្រកាន់គោលការណ៍ «វ៉ាក់សាំងជាតិនិយម» ដែលមិនត្រឹមតែបាននិងកំពុងរារាំងដល់ ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 នៅទូទាំងពិភពលោកប៉ុណ្ណោះទេ តែថែមទាំងកំពុងអូសបន្លាយវិបត្តិជំងឺនេះទៀតផង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន China Daily នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

លោក Joko Widodo បានលើកឡើងយ៉ាងដូច្នេះថា «មិនថាឡើយជា ប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ឬក៏ប្រទេសអភិវឌ្ឍន៍ឡើយ គឺត្រូវតែមានឱកាសទទួលបានវ៉ាក់សាំង ដោយស្មើភាពគ្នា ព្រោះបើមិនដូច្នោះទេ វិបត្តិជំងឺរាតត្បាតសកល COVID-19 នឹងគ្មានថ្ងៃបញ្ចប់ បានឡើយ»។ លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានសង្កត់ធ្ងន់ថា ប្រសិនបើបញ្ហា «វ៉ាក់សាំងជាតិនិយម» នៅតែបន្ត នោះការរាតត្បាត COVID-19 នឹងនៅតែមិនចប់ដូចគ្នា ដោយ COVID-19 នឹងនៅតែមានឆ្លងរាតត្បាតឥតឈប់ឈរពាសពេញពិភពលោក ដូច្នេះហើយការ ប្រមូលវ៉ាក់សាំងស្តុកទុក ដោយក្រុមប្រទេសមួយចំនួន នឹងគ្មានប្រយោជន៍អ្វីទាំងអស់។

គិតត្រឹមសប្តាហ៍មុន ឥណ្ឌូណេស៉ីបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាជនសរុប ១៣.៥លានដូស ខណៈវ៉ាក់សាំងដែលខ្លួនរំពឹងថា អាចទទួលបានរហូតដល់ទៅ ៣០លានដូសនៅអំឡុងខែមីនា និងខែមេសាឆ្នាំ២០២១នេះ គឺបែរជាទទួលបានត្រឹម ២០លានដូសវិញ ហើយបញ្ហានេះត្រូវបានគេមើលឃើញថា បណ្តាលមកពីវ៉ាក់សាំងជាតិនិយម។ រីឯប្រទេសដែលគេកត់សម្គាល់ឃើញថា បានផ្តល់ក៏ដូចជានាំចេញវ៉ាក់សាំងបង្ការជំងឺនេះ ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក បានច្រើនជាងគេគឺចិន។

គួរបញ្ជាក់ថា ខណៈគិតមកទល់ពេលនេះ វ៉ាក់សាំង COVID-19 ប្រហែល៧០០លានដូស ត្រូវបានប្រើនៅទូទាំងពិភពលោក ភាគច្រើនក្នុងចំណោមនោះ គឺបានទៅប្រជាជនដែលរស់នៅក្នុងប្រទេសអ្នកមានៗ និងប្រទេសដែលផលិតវ៉ាក់សាំងផ្ទាល់៕