(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ជប៉ុនបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនចំណាស់ៗ ដែលមានវ័យចាប់ពី៦៥ឆ្នាំ ឡើងទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងសម្រាប់ អ្នកមានវ័យចាប់ពី៦៥ឆ្នាំឡើងទៅ បានចាប់ផ្តើមនៅទីតាំងចំនួនប្រមាណជា១២០កន្លែង ទូទាំងប្រទេសជប៉ុន ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដែលផលិតនៅអឺរ៉ុប។ វ៉ាក់សាំងទាំងនោះ ត្រូវបានចែកចាយទៅកាន់តំបន់ ផ្សេងៗក្នុងប្រទេសជប៉ុន ក្នុងកំឡុងមួយសប្តាហ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា ក្នុងចំណោមប្រជាជនសរុប ១២៦លាននាក់ ជប៉ុនមានប្រជាជនដែលមានវ័យចាប់ពី៦៥ឆ្នាំឡើងទៅ ចំនួនខ្ទង់៣៦លាននាក់ ។ ជប៉ុនស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ ដែលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 យឺតជាងគេ គឺកាលពីពាក់កណ្តាល ខែ កុម្ភៈកន្លងទៅ។ បច្ចុប្បន្នមានតែវ៉ាក់សាំង Pfizer-BioNTech ប៉ុណ្ណោះ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសជប៉ុន ហើយមក ទល់ពេលនេះ មនុស្សប្រហែល១.១លាននាក់ ត្រូវបានចាក់វ៉ាក់សាំងយ៉ាងតិច០១ដូសដំបូង ដែលភាគច្រើនជាបុគ្គលិកសុខាភិបាល៕