(បរទេស)៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសអាមេរិកបានតែងតាំងលោកស្រី Gayle Smith អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈជា «អ្នកសម្របសម្រួលសកលទទួលបន្ទុកទប់ទល់នឹង ការរីករាលដាលនៃជំងឺកូវីដ១៩ និងសនិ្តសុខសុខាភិបាល» ព្រមនិងបំពេញការងារការទូត អំពីវ៉ាក់សាំងជំងឺកូវីដ១៩។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា អាមេរិកបានត្រៀមខ្លួនឱ្យបានល្អដើម្បី «ចែករំលែក» វ៉ាក់សាំងជាមួយប្រទេសដទៃទៀត ថែមទាំងមិនគិតពីការតបស្នងវិញទេ។ ទាក់ទិននឹងរឿងនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានអះអាងថា រដ្ឋាភិបាលរបស់លោក បៃដិន ធ្វើការតែងតាំងបែបនេះក្នុងពេលនេះ គឺមានគោលបំណង «ចង្អុលបង្ហាញផ្លូវការទូតវ៉ាក់សាំងរបស់អាមេរិក នៅទូទាំងពិភពលោក»។ ប៉ុន្តែ សូម្បីតែប្រព័ន្ធសារព័ត៌មានអាមេរិក ក៏មានកី្តកង្វល់ដែរថា៖ តើនេះជាការចេញសែកស្អុយទៅកាន់ពិភពលោកឬទេ?

នាពេលថ្មីៗកន្លងទៅនេះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ ដោយបានគូសបញ្ជាក់ម្តងទៀតថា វិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានលាតត្រដាងនូវអសមភាព ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក។ ប្រទេសចំណូលទាប និងមធ្យមមិនអាចទទួលបានវ៉ាក់សាំងដោយស្មើគ្នា លោកបានថ្លែងថា «សុខភាព សេដ្ឋកិច្ច និងសង្គមរបស់ពួកយើង កំពុងត្រូវបានអូសធ្លាក់ចូលទៅក្នុងជ្រោះដ៏គ្រោះថ្នាក់»។

ប្រហែលខណៈពេលនេះ អាមេរិកស្រាប់តែមានចិត្តសប្បុរស ដូច្នេះអាមេរិកដែលតែងតែរិះគន់ប្រទេសទទៃទៀតថា «ធ្វើការទូតវ៉ាក់សាំង» បែរជាចង់ធ្វើការទូតវ៉ាក់សាំងបែបនេះដោយខ្លួនឯង!

ក្នុងរយៈពេលយូរណាស់មកហើយ ប្រទេសមួយចំនួនដូចជាអាមេរិកជាដើម បានឃោសនាបំប៉ោងយ៉ាងគឃ្លើននូវពាក្យសំដីស្តីពី «ការទូតវ៉ាក់សាំង» ដោយយករឿងដែលចិន និងរុស្ស៊ីផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសផ្សេងទៀត ធ្វើជាលេសហើយថ្កោលទោសប្រទេសចិន និងរុស្ស៊ីថា ចង់លើកកម្ពស់កម្លាំងឥទ្ធិពលអន្តរជាតិរបស់ខ្លួន តាមរយៈវ៉ាក់សាំង។ ប៉ុន្តែលើកនេះ អាមេរិកបែរជាធ្វើ «ការទូតវ៉ាក់សាំង» ដោយម្ចាស់ការ ប្រការនេះពិតជាផ្ទុយគ្នានឹងពាក្យសំដីរបស់ខ្លួនឯង។

យ៉ាងណាមិញ អាមេរិកប្រហែលនឹងយកបញ្ហានេះធ្វើជាលេស ក្នុងន័យលើកឡើងស្តាង់ដារថ្មី និងក្បួនច្បាប់ថ្មីដែលសំដៅចំពោះប្រទេសចិន និងរុស្ស៊ីជាដើម ដើម្បីដណ្តើមយកបានសិទ្ធិអំណាចដឹកនាំ ក្នុងការចែកចាយវ៉ាក់សាំងនៅលើពិភពលោក។ ដូចប្រសាសន៍របស់លោក Antony Blinken ដែលថ្លែងនៅថ្ងៃទី៥ ខែមេសាថា «ការទូតវ៉ាក់សាំង» របស់អាមេរិកមិនមែនដើម្បីដូរយក ផលប្រយោជន៍ផ្នែកនយោបាយនោះទេ តែគឺដើម្បី «ជួយសង្គ្រោះអាយុជីវិត» ដូច្នេះ អាមេរិកនឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចំពោះការនាំចេញវ៉ាក់សាំងទៅកាន់បរទេស ក៏ដូចជាផ្តល់ផលិតផលដែល «មានស្តង់ដារខ្ពស់ មានសុវត្ថិភាពនិងប្រសិទ្ធភាព» ដល់ពិភពលោកផងដែរ ។ ពាក្យសំដីបែបនេះ ហាក់ដូចជាបានសំដៅចំពោះចិន និងរុស្ស៊ី។

វ៉ាក់សាំងជាថ្នាំអាចសង្គ្រោះអាយុជីវិត ប៉ុន្តែពីពាក្យសំដីរបស់អាមេរិកអាចឃើញថា ហាក់ដូចជាអាមេរិកបានចាត់ទុកវ៉ាក់សាំងជា «ឧបករណ៍» ម្យ៉ាង។ អាមេរិកនិយាយតាមមាត់ថា នឹងបំពេញ «ភារកិច្ច និងកាតព្វកិច្ចអន្តរជាតិ» តាមពិតទៅបែរជាគ្រោងកលល្បិចជាច្រើនក្នុងដួងចិត្ត។ សន្យាពេញមាត់មិនស្មើនឹងអនុវត្តជាក់ស្តែង ប៉ុន្តែតើ «ការអនុវត្តជាក់ស្តែង» របស់អាមេរិក គឺដើម្បីរួមគ្នាទប់ទល់នឹងជំងឺកូវីដ១៩ ឬក៏ដើម្បីបណ្តើមយកបាន «អនុត្តរភាព» កាន់តែច្រើន ? មនុស្សម្នាក់ៗសុទ្ធតែមានចម្លើយរបស់ខ្លួន៕ (#CCFR Comment#)