(ស៉ីដនី)៖ ប្រទេសអូស្រ្តាលីបានបោះបង់ចោលគោលដៅ ដែលខ្លួនចង់ឲ្យបាននូវការវ៉ាក់សាំងបង្ការជំងឺ COVID-19 លើប្រជាជនទាំងអស់ជិត ២៦លាននាក់នៅចុងឆ្នាំ២០២១នោះហើយ បន្ទាប់ពីមានការផ្តល់យោបល់ថ្មីថា ប្រជាជនអាយុក្រោម ៥០ឆ្នាំ គួរតែទទួលយកការចាក់វ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ជាជាងវ៉ាក់សាំងអង់គ្លេស AstraZeneca។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា ប្រទេសអូស្ត្រាលីដែលរំពឹងលើវ៉ាក់សាំង AstraZeneca សម្រាប់ទ្រទ្រង់កម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់ខ្លួន មិនមានផែនការកំណត់គោលដៅថ្មី សម្រាប់ពេលដែលត្រូវបញ្ចប់ កម្មវិធីចាក់វ៉ាក់សាំងនៅឡើយនោះទេ។

លោក Morrison បានគូសបញ្ជាក់បន្ថែមថា «ខណៈដែលយើងចង់ឃើញដូសទាំងនេះ ត្រូវបានបញ្ចប់ការចាក់មុនដំណាច់ឆ្នាំ២០២១ វាមិនអាចទៅរួចទេក្នុងការកំណត់គោលដៅបែបនេះ ដោយសារតែភាពមិនច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹងវា»

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានផ្លាស់ប្តូរការណែនាំ ដោយជំរុញឲ្យមានការចាក់វ៉ាក់សាំង Pfizer-BioNTech វិញ សម្រាប់ប្រជាជនអាយុក្រោម ៥០ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់និយ័តករឱសថអឺរ៉ុប បានព្រមានពីបញ្ហាកំណកឈាម ក្រោយការចាក់វ៉ាក់សាំង AstraZeneca ដែលបានកើនឡើងតួលេខគួរឲ្យព្រួយបារម្ភ។ ប្រទេសអូស្រ្តាលីដែលបានបង្កើន ការបញ្ជាទិញវ៉ាក់សាំង Pfizer-BioNTech ទ្វេដងកាលពីសប្តាហ៍មុននោះ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនទាំងអស់ នៅចុងខែតុលា ឆ្នាំ២០២១នេះ។

អូស្ត្រាលីដែលមានប្រជាជនសរុបជិត ២៦លាននាក់ត្រូវបានគេដឹងថា បានគ្រប់គ្រងការរាតត្បាត COVID-19 យ៉ាងល្អ បើទោះបីមានជាការផ្ទុះជាចង្កោមម្តងម្កាល ដែលបង្ខំឲ្យការបិទរដ្ឋ និងតំបន់ខ្លះកន្លងមកក៏ដោយ។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អូស្ត្រាលីមានករណីឆ្លង COVID-19 សរុបជាង ២៩,៤០០ករណី ក្នុងនោះស្លាប់ជាង ៩០០នាក់ និងជាសះស្បើយឡើងវិញ ២៦,៣៥៦នាក់៕