(ប៉ារីស)៖ ប៉ូលិសទីក្រុងប៉ារីស ប្រទេសបារាំងបាននិយាយថាពួកគេបានពិន័យមនុស្ស១១០នាក់ដែលបានចូលរួមទទួលទានអាហារពេលល្ងាចនៅឯភោជនីយដ្ឋាន ក្រោមដីមួយកន្លែង ដោយបំពានលើវិធានការទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។

ប្រតិបត្តិការវាយឆ្មក់ខាងលើកើតមានឡើងបន្ទាប់ពីប៉ូលិសទីក្រុងប៉ារីសទទួលបានដំណឹងពីការបំពានវិធានការទប់ស្កាត់ COVID-19។ ប៉ូលិសទីក្រុងប៉ារីសបានបញ្ជាក់លើ Twitter ដូច្នេះថា៖ «ក្រោយទទួលបានដំណឹងពីការបំពានវិធានការទប់ស្កាត់ COVID-19 នៅឯភោជនីយដ្ឋានមួយកាលពីល្ងាចថ្ងៃសុក្រ ប៉ូលិសបានចុះបង្រ្កាបបិទ ការជួបជុំមនុស្ស ១១០នាក់»

ប៉ូលិសបន្ថែមទៀតថាពួកគេបានដាក់ពិន័យលើអ្នកបំពានវិធានការសុខាភិបាល ហើយចាប់ខ្លួនអ្នករៀបចំ និងអ្នកគ្រប់គ្រងភោជនីយដ្ឋានក្រោមដីខាងលើ។ ប៉ុន្តែប៉ូលិស ទីក្រុងប៉ារីសមិនបានបញ្ជាក់លម្អិតពីការពិន័យនោះទេ រីឯមនុស្ស២នាក់ដែលត្រូវបានឃាត់ខ្លួនខាងលើត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈការស៊ើបអង្កេត មួយកំពុងធ្វើឡើង។

គួរបញ្ជាក់ថា បើតាមប៉ូលិសទីក្រុងប៉ារីស អ្នកដែលបានចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាចនៅឯភោជនីយដ្ឋានក្រោមដីខាងលើគឺត្រូវចំណាយប្រាក់២៦០ដុល្លារ ក្នុងមួយម្នាក់។ បារាំងបច្ចុប្បន្នកំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេស ដោយភោជនីយដ្ឋាន និងហាងកាហ្វេជាដើម ត្រូវបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីចូលរួម ទប់ស្កាត់ COVID-19៕