(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៦,៧៦៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៤០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៨៦៩,៩៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៥,៥៩៣នាក់ និងជាសះស្បើយឡើងសរុប ២៤,៤២៣,៥៨៩នាក់។

គួរបញ្ជាក់ថា អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បាននិងកំពុងហក់ឡើងវិញបន្តិចម្តងៗ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ក្រោយពីបានស្គាល់ការធ្លាក់ចុះដល់ជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្រុមអ្នកជំនាញបានលើកឡើងថា វីរុស COVID-19 បំប្លែងថ្មី និងការបើកឲ្យពលរដ្ឋធ្វើដំណើរឡើងវិញលឿនរហ័សពេល ជាកត្តាជំរុញឲ្យករណីឆ្លងកើនឡើងជាថ្មី៕