(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រភាគខាងត្បូងកោះជ្វា (Java) នៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសៅរ៍នេះ ប៉ុន្តែមិនមានការព្រមានថា អាចមានកើតមានរលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ី និងទិន្នន័យបានមកពី ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើង ពីក្រោមបាតសមុទ្រជម្រៅប្រមាណ ៨២គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ ៤៥គីឡូម៉ែត្រពីភាគនិរតីទីក្រុង ម៉ាឡាង (Malang) របស់ខេត្តជ្វាខាងកើត។

ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ និងការខូចខាតណាមួយនៅឡើយទេ ប៉ុន្តែអ្នករស់នៅទីក្រុង Malang ដែលមានប្រជាជនរាប់លាននាក់នោះ បានផ្តល់ព័ត៌មានប្រាប់ AFP ថា «ការញ័ររញ្ជួយគឺពិតមានកម្លាំងខ្លាំង និងអូសបន្លាយរយៈពេលយូរថែមទៀត ហើយគ្រប់យ៉ាងគឺហាក់ដូចជាយោលយោគ»

ដោយឡែកបើតាមការបង្ហោះរបស់ប្រជាជនឥណ្ឌូណេស៊ី នៅតាមបណ្តាញសង្គម គ្រោះរញ្ជួយដីលើកនេះក៏បាននាំឲ្យញាប់ញ័រ ដល់ទីក្រុងមួយចំនួនទៀតដូចជា ផាស៊ីថាន់ (Pacitan), ប្លីថា (Blitar) និងកោះទេសចរណ៍ បាលី (Bali) ដ៏ល្បីល្បាញផងដែរ៕