(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ៧៨៩នាក់ទៀតត្រូវបានរកឃើញ នៅក្នុងកំឡុងពេល ២៤ម៉ោងមុន ដែលជាតួលេខខ្ពស់ថ្មីមួយទៀត សម្រាប់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៧៨៩នាក់នោះ គឺ ៧៨១នាក់ករណីឆ្លងក្នុងស្រុក និង ០៨នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។ បន្ថែមពីនេះអ្នកជំងឺ COVID-19 ម្នាក់ជាបុរសអាយុ ៦៨ឆ្នាំមកពីខេត្ត ណាខន ផាធំ (Nakhon Pathom) ក៏បានបាត់បង់ជិវិតផងដែរ។

គិតត្រឹមថ្ងៃសៅរ៍៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣១,៦៥៨ករណី ក្នុងនោះមានអ្នកស្លាប់ ៩៧នាក់ និងជាសះស្បើយវិញ ២៨,១៦១នាក់។ កាលពីថ្ងៃសុក្រម្សិលមិញនេះ មន្ទីរពេទ្យចំនួន ១២នៅក្នុងទីក្រុងបាងកក បានប្រកាសផ្អាកទទួលការធ្វើតេស្តរក COVID-19 ព្រោះតែចំនួនអ្នកទៅធ្វើតេស្ត ច្រើនលើសការកំណត់ ដែលនាំឲ្យមន្ទីរពេទ្យទាំងនោះ ខ្វះខាតបរិក្ខាសម្រាប់ធ្វើតេស្តយ៉ាងខ្លាំង។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ប្រទេសថៃក៏បានធ្វើពិធីទទួលវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដែលទើបដឹកជញ្ជូនមកដល់ ព្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិរបស់ថៃ តាមរយៈអាកាសចរណ៍ចិន (Air China) មកពីទីក្រុងប៉េកាំងផងដែរ។

នេះជាការដឹកជញ្ជូនលើកទី ៣ ហើយសម្រាប់វ៉ាក់សាំង Sinovac មកកាន់ប្រទេសថៃ នៅក្នុងចំណោមវ៉ាក់សាំង ២លានដូស ដែលប្រទេសថៃបានបញ្ជាទិញពីចិន ដោយលើកទី ១ ត្រូវបានដឹកមកដល់កាលពីថ្ងៃទី២៤ ខែកុម្ភៈចំំនួន ២សែនដូស និងលើកទី ២ កាលពីថ្ងៃទី២២ ខែមីនាចំនួន ៨សែនដូស៕