(ញូដេលី)៖ ប្រទេសឥណ្ឌាហាក់បង្ហាញសញ្ញា កាន់តែអាក្រក់ខ្លាំងឡើងៗហើយ ដោយនៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺ COVID-19 ចំនួន ១៤៥,៣៨៤នាក់ទៀតត្រូវបានប្រកាស ក្រោយពីត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រោយការបូកបន្ថែមតួលេខថ្មីខាងលើនេះ បានធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ជាង ១៣,២០០,០០០នាក់។ បន្ថែមពីនេះ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺសរុប ៧៩៤នាក់ទៀតបានស្លាប់ នាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 កើនឡើងដល់ ១៦៨,៤៣៦នាក់។

សម្រាប់ចំនួនអ្នកជាសះស្បើយវិញបានកើនដល់ជាង ១១,៩៩០,០០០នាក់ និងអ្នកកំពុងស្ថិតក្នុងការព្យាបាល COVID-19 នៅឡើយមានចំនួនជាង ១,០៤៦,៦០០នាក់។ គិតចាប់តាំងពីការចេញយុទ្ធការចាក់វ៉ាក់សាំង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ឥណ្ឌាបានចាក់ជូនប្រជាជនសរុប ៩៨លាននាក់ហើយ ក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕