(ប៊ែរឡាំង)៖ របាយការណ៍ត្រួតពិនិត្យប្រចាំសប្តាហ៍បានឱ្យដឹងថា អឺរ៉ុបបានចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ១០០លានដូស ដែលអាចជួយដល់ការចាប់ផ្ដើមចាក់វ៉ាក់សាំង នៅក្នុងតំបន់មួយចំនួនដែលកំពុងមានភាពយឺតយ៉ាវ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (ECDC) បានគូសបញ្ជាក់ថា វ៉ាក់សាំងសរុបចំនួន ១០៤លានដូស ត្រូវបានចែកចាយទៅកាន់បណ្ដាប្រទេសនានាក្នុងសហភាពអ៊ឺរ៉ុប និងតំបន់សេដ្ឋកិច្ចអ៊ឺរ៉ុប ដែលបានផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនគិតជាភាគរយប្រមាណ ២៧.៧ដូសតែប៉ុណ្ណោះ ក្នុងចំណោមប្រជាជន ១០០នាក់។

បើតាមតួលេខដែលបង្ហាញពីការកើនឡើង នូវចំនួនដូសដែលបានផ្ដល់ការចាក់ជូនដល់ប្រជាជនអឺរ៉ុប រហូតមកដល់បច្ចុប្បន្ននេះ បានផ្ដល់ការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ៨២លានដូសហើយ។ វាជាដំណឹងដ៏កម្រមួយសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ដែលបានពឹងផ្អែកលើដំណើរការលទ្ធកម្ម និងការអនុម័តរបស់សហភាពអ៊ឺរ៉ុប ដែលបានធ្វើឱ្យមានភាពយឺតយ៉ាវជាង ប្រទេសអ៊ីស្រាអែល ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ជាមធ្យម ១៦ភាគរយនៃមនុស្សពេញវ័យនៅអ៊ឺរ៉ុប បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូងរួចរាល់ហើយ ខណៈ ៦.៧ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ពីរដូស)។ ផ្ទុយទៅវិញប្រជាជនអ៊ីស្រាអែល ៦២ភាគរយបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូស ខណៈ ៤៧ភាគរយនៅចក្រភពអង់គ្លេស និង ៣៤ភាគរយនៅសហរដ្ឋអាមេរិក៕