(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេបានធ្វើការស្នើសុំមួយ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក (FDA) រួចរាល់ហើយ ដើម្បីអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងបង្ការ COVID-19 ទៅដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក ដែលមានអាយុចន្លោះពី ១២-១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

ការស្នើសុំនេះបានកើតមានឡើង តែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Pfizer-BioNTech បានបញ្ចប់ការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួន ទៅលើក្មេងៗអាយុចន្លោះពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងបានបង្ហាញប្រសិទ្ធភាព ១០០%តែម្តង ប្រឆាំងនឹងវីរុសកូរ៉ូណាដ៏កាចសាហាវ។ វ៉ាក់សាំង Pfizer-BioNTech ដែលជាប្រភេទតម្រូវឲ្យចាក់ ០២ដូស កន្លងមកនេះត្រូវបានអាជ្ញាធរអាមេរិក អនុម័តឲ្យចាក់លើមនុស្សដែលមានវ័យចាប់ពី ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទោះបីជាវ៉ាក់សាំងបង្ការ COVID-19 ណាមួយមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ប៉ុន្តែការគួរយកវាទៅប្រើប្រាស់លើក្មេងៗ ឬមួយក៏អត់នោះ នៅតែជាសំនួរកំពុងចោទសួរ ទូទាំងពិភពលោកនៅឡើយ។ យ៉ាងណាក៏ដោយការចាក់វ៉ាក់សាំងដល់កុមារ និងមនុស្សវ័យក្មេង គឺត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ នៅក្នុងការកសាងភាពសុំាជាសហគមន៍ និងគ្រប់គ្រងលើជំងឺរាតត្បាតសកល។ នេះបើតាមការលើកឡើង ពីអ្នកជំនាញនៅអាមេរិក៕