(អ៊ីស្លាម៉ាបាដ)៖ វិទ្យាស្ថានជាតិសុខភាពនៅទីក្រុងអ៊ីស្លាម៉ាបាដបានបញ្ជាក់ឲ្យដឹងនៅថ្ងៃសុក្រនេះថា អាជ្ញាធរត្រួតពិនិត្យឱសថប៉ាគីស្ថាន (DRAP) បានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinovac របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ DRAP កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា វ៉ាក់សាំង CoronaVac ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac ត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើជាបន្ទាន់សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

សេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយទៀតថា ការអនុញ្ញាតនេះនឹងត្រូវពិនិត្យឡើងវិញរៀងរាល់ត្រីមាសម្តង ទៅលើទិន្នន័យដែលរក្សាទុកទាក់ទងនឹងសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពនៃវ៉ាក់សាំង។

គួរបញ្ជាក់ថា នេះជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនទី៣ ហើយ ដែលត្រូវបានអាជ្ញាធរសុខាភិបាលប៉ាគីស្ថានបានអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សាំង Sinopharm និង CanSino ខណៈដែលប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីដើមខែកុម្ភៈ បន្ទាប់ពីទទួលបានវ៉ាក់សាំងជាជំនួយរបស់ចិន៕