(ប្រេស៉ីល)៖ លោក Antonio Sena បានបើកយន្ដហោះខ្នាតតូចមួយគ្រឿងប្រភេទ Cessna 210 ពីលើតំបន់ព្រៃអាម៉ាហ្សូន (Amazon) ប្រទេសប្រេស៊ីល តែភ្លាមៗ

នៅពេលនោះ ម៉ាស៊ីនយន្ដហោះស្រាប់តែឈប់ដំណើរការ ជាហេតុបង្ខំឱ្យលោកចុះចាតនៅកណ្ដាលព្រៃដ៏ធំជាងគេបំផុតនៅលើពិភពលោកមួយនេះ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

បុរសដ៏មានសំណាងរូបនេះនៅរស់រានមានជីវិតដោយគ្មានរបួសអ្វីទាំងអស់ ប៉ុន្តែគាត់បានជាប់គាំងនៅកណ្តាលព្រៃអាម៉ាហ្សូន ហើយបានដើរនៅក្នុងព្រៃនេះរយៈពេល ៣៨ថ្ងៃ ដែលនេះជាមេរៀនដ៏ធំមួយនៃជីវិតរបស់គាត់។ លោក Sena អាយុ៣៦ឆ្នាំ ត្រូវបានជួលឱ្យធ្វើការហោះហើរដឹកទំនិញពីទីក្រុង Alenquer ភាគខាងជើង ប្រទេសប្រេស៉ីល ទៅកាន់អណ្តូងរ៉ែមាសខុសច្បាប់មួយនៅក្នុងព្រៃអាម៉ាហ្សូនដែលគេដាក់រហ័ស្សនាមឱ្យថា «កាលីហ្វ័រញ៉ា»។

ការហោះហើរក្នុងរយៈកម្ពស់ប្រហែល ១,០០០ម៉ែត្រ បានធ្វើឱ្យម៉ាស៊ីនឈប់ដំណើរពាក់កណ្តាលទី ដែលធ្វើឱ្យលោក Sena បាត់បង់ម្ចាស់ការ ដោយបង្ខំឱ្យគាត់បើក យន្ដហោះហោះហើរឆ្លងកាត់ជ្រលងភ្នំ ហើយចុះចតតាមដែលគាត់អាចធ្វើទៅបាន។ បន្ទាប់ពីការចុះចតដោយសុវត្ថិភាព គាត់បានចាប់យកអ្វីដែលមានសារៈសំខាន់ ជាប់ខ្លួនដូចជាកាបូបស្ពាយ ទឹកសុទ្ធ៣ដប ភេសជ្ជៈ៤កំប៉ុង ថង់នំបុ័ង ខ្សែពួរ ឧបករណ៍សង្គ្រោះបន្ទាន់ គោមភ្លើង និងអំពូលភ្លើង២ ហើយបានចាកចេញពីយន្តហោះ នោះយ៉ាងលឿនតាមដែលអាចធ្វើទៅបាន មុននឹងយន្ដហោះនេះផ្ទុះឆេះ។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ ពោលគឺក្នុងរយៈពេល០៥ថ្ងៃដំបូង លោក Sena បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយនៅផ្ទះរបស់លោក នៅរដ្ឋធានីប្រេស៊ីឡា (Brasilia) ថាលោកបានលឺសំលេងម៉ាស៉ីនយន្តហោះសង្គ្រោះហោះហើរនៅពីលើលោក និងកំពុងស្វែងរកលោក។ ប៉ុន្តែដោយសារព្រៃឈើ នៅជុំវិញ ក្រាស់ខ្មឹកពេក ទើបក្រុមអ្នកជួយសង្គ្រោះមិនបានឃើញលោកទេ។ បន្ទាប់ពីនោះ លោកមិនបានលឺសំលេងម៉ាស៊ីនយន្តហោះទៀតទេ ហើយស្មានថា ពួកគេបានបោះបង់លោកចោលហើយ។ លោក Sena បាននិយាយដូច្នេះថា «ខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់។ ខ្ញុំគិតថាខ្ញុំនឹងមិនធ្វើអ្វីបានឡើយ ហើយ ខ្ញុំមុខជាស្លាប់»

តមកទៀត គាត់ក៏សម្រេចចិត្តប្រើថ្មដែលគាត់មាននៅលើទូរស័ព្ទដៃរបស់គាត់ ដើម្បីស្វែងរកកន្លែងដែលគាត់នៅជាមួយ GPS ហើយសំរេចចិត្តដើរទៅទិសខាងកើត ដែលគាត់បានប្រទះឃើញផ្លូវចុះចតយន្តហោះចំនួន២។ គាត់បានដើរតាមព្រះអាទិត្យពេលព្រឹកដើម្បីរក្សានៅលើខ្សែផ្លូវនោះ។ លោក Sena បានបន្ថែមថា «មានទឹក តែគ្មានចំណីអាហារទេ។ ហើយខ្ញុំងាយរងគ្រោះណាស់ ដែលត្រូវប្រឈមនឹងសត្វដែលស៉ីសាច់សត្វដទៃជាអាហារ ដូចជា ខ្លារខិន ក្រពើ និងពស់។

ខ្ញុំបានញុំាផ្លែឈើដូចគ្នាដែលគាត់បានឃើញសត្វស្វាកំពុងស៊ី និងបានទាក់យកស៊ុតបក្សីពណ៌ខៀវសំរិទ្ធិ Tinamou ចំនួន ០៣គ្រាប់ ដែលជាប្រូតេអ៊ីនតែមួយគត់ ដែលខ្ញុំមាន»។ គាត់បន្តទៀតថា «ខ្ញុំបានរកឃើញថា ព្រៃអាម៉ាហ្សូន មិនមែនជាព្រៃមួយទេ វាដូចជាព្រៃបួន ឬប្រាំនៅក្នុងព្រៃតែមួយ។ ការគិតចង់ឃើញឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំបានធ្វើឱ្យខ្ញុំបានបន្តដំណើរទៅមុខទៀត»

សរុបមក លោក Sena ដើរបានចម្ងាយ ២៨ គីឡូម៉ែត្រ ដោយស្រកទម្ងន់ ២៥គីឡូនៅតាមផ្លូវ។ អស់រយៈពេល ៣៥ថ្ងៃ គាត់បានលឺសំលេងអ្វីដែលចម្លែកនៅក្នុងព្រៃ លើកដំបូង ចាប់តាំងពីក្រុមអ្នកជួយសង្គ្រោះបានបោះបង់ចោលការស្វែងរកគាត់ គឺសំលេងម៉ាស៉ីនអារឈើ។ គាត់បានចាប់ផ្តើមដើរឆ្ពោះទៅរកវាហើយទីបំផុត បានមកដល់ជំរុំនៃអ្នកប្រមូលគ្រាប់ផ្លែឈើប្រេស៊ីល។

ដោយមានការភ្ញាក់ផ្អើលដោយនឹកស្មានអំពីការបង្ហាញខ្លួនរបស់គាត់ចេញពីព្រៃ ពួកគេបានជួយទាក់ទងគ្រួសាររបស់គាត់ ដើម្បីប្រាប់ថាគាត់នៅរស់រានមានជីវិត។ ម្ចាស់ជំរុំនេះគឺលោកស្រី Maria Jorge dos Santos Tavares ជាអ្នកប្រមូល និងលក់គ្រាប់នៅក្នុងព្រៃជាមួយគ្រួសាររបស់លោកស្រីអស់រយៈពេល ០៥ទសវត្សមកហើយ។ «លោកស្រីបានឱ្យអាហារ និងសម្លៀកបំពាក់ស្អាតៗមកខ្ញុំ។ ខ្ញុំមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះពួកគេណាស់»។ នេះបើតាមលោក Sena។

លោក Sena បានរកឃើញអត្ថន័យនៅក្នុងការពិត ដែលគាត់ត្រូវបានជួយសង្គ្រោះដោយក្រុមគ្រួសារដែលរស់នៅ «ដោយសុខដុមរមនា» ជាមួយព្រៃឈើ បន្ទាប់ពី គាត់ធ្វើការឱ្យមនុស្សដែលកំពុងបំផ្លាញវា។ លោក Sena បាននិយាយថា៖ «កាលៈទេសៈដែលនាំឱ្យខ្ញុំហោះហើរទៅដល់ទីនោះ និងត្រូវបានរកឃើញដោយ ក្រុមគ្រួសារអ្នកប្រមូលគ្រាប់ផ្លែឈើដែលធ្វើការស្របនឹងធម្មជាតិដែលមិនធ្វើឱ្យខូចខាតដល់ព្រៃឈើ - នោះគឺជាវេទមន្ត។ រឿងមួយច្បាស់ហើយថាខ្ញុំនឹងមិន ធ្វើការហោះហើរឱ្យអ្នករករ៉ែខុសច្បាប់ទៀតទេ»

គួរបញ្ជាក់ថា លោក Sena មានទីកំណើតនៅទីក្រុង Santarem ដែលជាទីក្រុងតូចមួយនៅចំណុចប្រសព្វនៃទន្លេ Amazon និង Tapajos។ គាត់បានហៅខ្លួនឯងថា ជនជាតិដើមអាម៉ាហ្សូន និងជាអ្នកស្រឡាញ់ព្រៃទឹកភ្លៀង។ ប៉ុន្តែបានគាត់និយាយថា ជំងឺឆ្លងរាតត្បាត COVID-19 បានធ្វើឱ្យគាត់មានជំរើសតិចតួចបំផុត ដែលត្រូវធ្វើការងារឱ្យអណ្តូងរ៉ែមាសខុសច្បាប់មួយក្នុងចំណោមរាប់ពាន់ដែលបំផ្លាញព្រៃ និងបំពុលទន្លេដោយបារត៕